Covid-19

រដ្ឋបាលស្រុកបន្ទាយស្រី បិទតូបលក់នំបញ្ចុក ២កន្លែង ក្នុងភូមិព្រះដាក់ភ្លាមៗ ក្រោយទទួលបានព័ត៌មានថា អ្នកឆ្លងកូវីដទៅទីនោះ

ភ្នំពេញ៖ រដ្ឋបាលស្រុកបន្ទាយស្រី បានបិទតូបលក់នំបញ្ចុក ២កន្លែង នៅក្នុងភូមិព្រះដាក់ភ្លាមៗ បន្ទាប់ពីទទួលបានព័ត៌មានថា មានអ្នកវិជ្ជមានកូវីដ១៩ម្នាក់ បានមកពិសារនំបញ្ចុកនៅទីនេះ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១កន្លងមកនេះ។

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងតាមរយៈគេហទំព័រហ្វេសប៊ុកថា “
ជាវិធានការបន្ទាន់ រដ្ឋបាលស្រុកបានធ្វើចត្តាឡីស័ក ក្រុមគ្រួសារនៃតូបទាំងពីរខាងលើ និងបានរៀបចំឱ្យមានការយកសំណាក ពីអ្នកពាក់ព័ន្ធទាំងអស់។ ប៉ុន្តែដោយស្ថានការណ៍មានការវិវត្តលឿន ជាពិសេសក្រោយមានករណីឆ្លង បន្តទៅដល់បុគ្គលិកហាងកាហ្វេ ដែលបុរសវិជ្ជមាននេះធ្លាប់បាន ចូលទៅក្នុងអំឡុងពេលដំណាលគ្នារួចមក ខ្ញុំសូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ដែលធ្លាប់ចូលហូប ឬមានទំនាក់ទំនងជាមួយតូបនំបញ្ចុកទាំងពីរនេះ ចាប់ពីថ្ងៃទី១៩ មីនារហូតមកដល់២៤ មីនា សូមមេត្តាដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ហើយប្រសិនបើមានអាការៈ មិនស្រួលខ្លួនឬសង្ស័យ សូមប្រញាប់ទៅធ្វើតេស្តរកមេរោគ នៅមណ្ឌលចត្តាឡីស័កសាលាគរុកោសល្យ នៅក្នុងក្រុងសៀមរាបជាប្រញាប់”។

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងផ្តល់ភាពស្មោះត្រង់ជាមួយអាជ្ញាធរ និងចូលរួមកាត់ផ្តាច់ការឆ្លងបន្ត នៅក្នុងសហគមន៍របស់យើង ឱ្យបានលឿនជាទីបំផុត ៕

To Top