បរទេស៖ យោងតាមការចេញផ្សាយរបស់ CNA នៅថ្ងៃសុក្រនេះបានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៣២នាក់ បានស្លាប់និង៦៦នាក់ទៀត បានទទួលរងរបួសនៅក្រោយពេល ដែលរថភ្លើងដឹកអ្នកដំណើរចំនួន២ បានបុកបន្តគ្នានៅក្នុងប្រទេសអេហ្ស៊ីប។
សេចក្តីប្រកាសដែលត្រូវបាន ធ្វើឡើងដោយក្រសួងសុខាភិបាល បានបន្តទៀតថា រថយន្តសង្គ្រោះបន្ទាន់ជាច្រើនគ្រឿង ត្រូវបានបញ្ជូនជាបន្ទាន់ទៅកាន់ ទីតាំងកើតហេតុត្រង់ស្រុក Tahta ខេត្ត Sohag ចំងាយប្រមាណជា ៤៦០គីឡូម៉ែត្រពីរដ្ឋធានី Cairo។
ប្រភពដដែលបានបន្តទៀតថា រថភ្លើងទាំងពីរបុកគ្នាដោយសារតែ រថភ្លើងមួយមានបញ្ហាហ្វ្រាំង និងបានជាប់គាំងភ្លាមៗ ក៏ត្រូវរថភ្លើងផ្សេងទៀតមកបុកពីក្រោយតែម្តង ហើយមកដល់ពេលនេះការស៊ើបអង្កេត បន្ថែមកំពុងត្រូវបានធ្វើឡើង។
កាលពីខែមិនាឆ្នាំទៅ ហេតុការណ៍បុករថភ្លើងធ្លាប់ បានកើតឡើងម្តងដែរនៅក្នុងរដ្ឋធានី Cairo ផងដែរហើយជាលទ្ធផល មនុស្សយ៉ាងហោចណាស់ ១៣នាក់បាត់បង់ជីវិត ហើយត្រូវបានគេដាក់ការសង្ស័យថា ដោយសារការផ្អាកដំណើរការសេវាកម្ម រថភ្លើងយូរពេកនៅក្នុងប្រទេស ពីព្រោះវិរុសកូវីដកន្លងមក៕
ប្រែសម្រួល៖ ស៊ុន លី