រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ថា នៅទូទាំងប្រទេសមីយ៉ាន់ម៉ា ក្រុមប្រឆាំងនៃរបបយោធាដែល កាន់អំណាចនៅថ្ងៃអាទិត្យនេះ បានកាន់ទុក្ខចំពោះការសម្លាប់ មនុស្សយ៉ាងហោចណាស់ ១១៤នាក់ ដោយកងកម្លាំងសន្តិសុខ នៅក្នុងថ្ងៃបង្ហូរឈាមខ្លាំងក្លាបំផុត ចាប់តាំងពីរដ្ឋប្រហារយោធានៅថ្ងៃទី១ ខែកុម្ភៈ ប៉ុន្តែបានប្តេជ្ញាបន្តតវ៉ាដើម្បីបញ្ចប់ ការគ្រប់គ្រងរបស់កងទ័ព ។
យោងតាមរបាយការណ៍ និងសាក្សីក្នុងរបាយការណ៍របស់ ក្រុមប្រឹក្សាសន្តិសុខប្រទេសមីយ៉ាន់ម៉ា បានឲ្យដឹងថា កុមារ គឺស្ថិតក្នុងចំណោមអ្នក ដែលត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍ នេះជាទិវាកងកម្លាំងប្រដាប់អាវុធ របស់ប្រទេសមីយ៉ាន់ម៉ា ។
អ្នកស៊ើបអង្កេតអង្គការសហប្រជាជាតិ (អ.ស.ប) បានលើកឡើងថា កងទ័ពកំពុងធ្វើឲ្យ “ឃាតកម្មកាន់តែទ្រង់ទ្រាយធំ”។
គណៈកម្មាធិការតវ៉ាកូដកម្មទូទៅនៃជាតិ ហៅកាត់ថា (GSCN) បានប្រកាសនៅលើបណ្តាញហ្វេសប៊ុក ថា “យើងសូមគោរពវីរៈជនរបស់យើង ដែលបានពលីជីវិតក្នុងបដិវត្តនេះ ហើយយើងត្រូវតែឈ្នះបដិវត្តនេះ” ។
កាលពីថ្ងៃសៅរ៍ ក៏បាននាំមកនូវការប្រយុទ្ធ ដ៏ខ្លាំងមួយចំនួនផងដែរ ចាប់តាំងពីមានរដ្ឋប្រហាររវាងកងទ័ព និងក្រុមប្រដាប់អាវុធជនជាតិភាគតិច ដែលគ្រប់គ្រងប្រទេស ។
ក្រុមសង្គមស៊ីវិលបាននិយាយនៅថ្ងៃអាទិត្យនេះថា យន្ដហោះយោធាបានសម្លាប់មនុស្សយ៉ាងតិច ៣នាក់ នៅក្នុងការវាយឆ្មក់មួយនៅលើភូមិមួយ ដែលគ្រប់គ្រងដោយក្រុមប្រដាប់អាវុធ មកពីជនជាតិភាគតិចការ៉ែន ។ ដោយបានសម្លាប់មនុស្ស ១០នាក់។ យន្តហោះវាយប្រហារតាមអាកាស បានបង្ខំឲ្យអ្នកភូមិភៀសខ្លួនចូលទៅក្នុងព្រៃ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា