បរទេស៖ ទេសចរបរទេសដែលបានចាក់វ៉ាក់សាំង ប្រឆាំងជំងឺកូវីដ១៩រួចហើយ នឹងត្រូវបានអនុញ្ញាតឱ្យទៅទស្សនាខេត្តចំនួន៦ ដែលនឹងចាប់ផ្តើមនៅខែក្រោយ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកទាំងឡាយណាដែលបានចាក់វ៉ាកសាំងបង្ការជំងឺកូវីដ១៩ រួចហើយ ក៏នៅត្រូវតែធ្វើចត្តាឡីស័ក ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ រយៈពេលនៃការធ្វើចត្តាឡីស័កនេះ គឺត្រូវបានកាត់បន្ថយពី ១៤ថ្ងៃ មកត្រឹម ៧ថ្ងៃ។
នៅក្នុងខែកក្កដាខាងមុខ ខេត្ត ភូកេត នឹងក្លាយជាខេត្តដំបូងគេ ដែលលើកលែងលក្ខខណ្ឌផ្តាច់មុខ សម្រាប់ភ្ញៀវទេសចរបរទេសដែលបាន ចាក់វ៉ាក់សាំងរួចដែលជាផ្នែកមួយ នៃផែនការរបស់រដ្ឋាភិបាលក្នុងការបើកប្រទេសឡើងវិញ។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍និងកីឡា Phiphat Ratchakitprakarn កាលពីថ្ងៃសុក្របាននិយាយថា មជ្ឈមណ្ឌលរដ្ឋបាលស្ថានភាពសេដ្ឋកិច្ច (CESA) ដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូចា បានអនុម័តលើផែនទីបង្ហាញផ្លូវ ៣ ដំណាក់កាល ដើម្បីបើកឡើងវិញនូវខេត្តទេសចរណ៍សំខាន់ៗចំនួន ៦ គឺខេត្តភូកេត ខេត្តក្រាប៊ី ខេត្តផាងណា ខេត្ត ស៊ូរ៉ាតថានី (កោះសាមុយ) ឆុនបូរី (ប៉ាតាយ៉ា) និងឈៀងម៉ៃ ចំពោះភ្ញៀវទេសចរបរទេស ដែលបានចាក់វ៉ាក់សាំងរួចរាល់៕ប្រែសម្រួលៈ ណៃ តុលា