ព័ត៌មានជាតិ

លោក គឹម សន្តិភាព៖ គ្មានការដាក់បម្រាមគោចរ នៅពេលនេះទេ

ភ្នំពេញ ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងយុត្តិធម៌ បានឲ្យដឹងថា កម្ពុជាគ្មានការដាក់បម្រាមគោចរ នាពេលនេះទេ។

រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានចេញអនុក្រឹត្យស្ដីពី វិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ ក្នុងអនុក្រឹត្យនោះ នៅមាត្រាទី៨ ស្ដីពី បម្រាមគោចរ ៖ រាល់ការធ្វើដំណើរ ដែលត្រូវបានអនុញ្ញាត ដូចមានចែងក្នុងមាត្រា៤ នៃអនុក្រឹត្យនេះ មិនត្រូវធ្វើឡើង នៅចន្លោះពីម៉ោង២០យប់ ដល់ម៉ោង៥ព្រឹក លើកលែងចំពោះការធ្វើដំណើរ ដោយមូលហេតុសុខភាពបន្ទាន់ មូលហេតុចាំបាច់ និងបន្ទាន់ក្នុងគ្រួសារ ការដឹកជញ្ជូនទំនិញ ការបំពេញកាតព្វកិច្ច ដែលបម្រើផលប្រយោជន៍ សាធារណៈ។

យោងតាមគេហទំព័រហ្វេសប៊ុក របស់លោក គឹម សន្តិភាព នៅយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា «រាល់វិធានការរដ្ឋបាល ដែលចែងក្នុងអនុក្រឹត្យ គឺមិនទាន់អនុវត្ត ក្នុងក្របខ័ណ្ឌភូមិសាស្ត្រ ឬតំបន់ណាមួយ នៃរាជធានី-ខេត្តណាមួយ នៅឡើយទេ នាពេលនេះ ពោលគ្មានការដាក់ បម្រាមគោចរនៅពេលនេះទេ! »។

លោក បន្ដថា រាល់វិធានការរដ្ឋបាល ដែលមានចែងក្នុងអនុក្រឹត្យ ចុះថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១ គឺមិនទាន់អនុវត្ត ក្នុងក្របខ័ណ្ឌ ភូមិសាស្ត្រ ឬតំបន់ណាមួយ នៃរាជធានីខេត្តណាមួយ នោះនៅឡើយទេ នាពេលនេះ។

លោក បន្ថែមថា វិធានការរដ្ឋបាលណាមួយ នឹងអនុវត្ត លុះណាតែមានសេចក្តីសម្រេច របស់គណៈអភិបាលរាជធានី ខេត្ត សម្រាប់ផ្នែកខ្លះ ឬទីកន្លែងខ្លះក្នុងដែនដី នៃរាជធានីខេត្ត ឬមានវិសាលភាព អនុវត្តទូទាំងរាជធានី ឬខេត្តរបស់ខ្លួន តែប៉ុណ្ណោះ។

លោក បញ្ជាក់ថា ចំពោះវិធានការបិទខ្ទប់ រាជធានី ឬខេត្ត និងវិធានការរដ្ឋបាលផ្សេងទៀត ដែលមានវិសាលភាព អនុវត្តលើសពីដែនដី នៃរាជធានី ឬខេត្តមួយ ឬមានវិសាលភាព អនុវត្តនៅទូទាំងប្រទេស លុះណាតែមាន សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល តែប៉ុណ្ណោះ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top