ភ្នំពេញ ៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា លើកឡើងថា ចិនរីករាយខិតខំជាមួយកម្ពុជា ក្នុងការ ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ យ៉ាងមុតមាំលើកិច្ចការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ រហូតដល់ភាគី កម្ពុជា អាចយកឈ្នះទាំងស្រុង ។
ក្នុងពិធីប្រគល់-ទទួលអំណោយដ៏ថ្លៃថ្លា វ៉ាក់សាំងកូវីដ-១៩ ពីរដ្ឋាភិបាលចិន ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ នាយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅព្រលានយន្ដអន្ដរជាតិភ្នំពេញ លោក Wang Wentian បានថ្លែងថា មានមនុស្សជាច្រើនតែងតែសួរថា ចិនមានមនុស្សច្រើន ហើយតម្រូវការវ៉ាក់សាំងកូវីដ ក៏ច្រើន ដែរ ហេតុអ្វីនៅតែបន្តផ្តល់ជំនួយឥតសំណងជាវ៉ាក់សាំងកូវីដ ដល់ប្រទេសកម្ពុជា?
លោក យល់ថា មានមូលហេតុជាច្រើន និងមានកត្តាសំខាន់ ដូចជា ៖ តម្រូវការ ក្នុងការកសាងសហគមន៍សុខាភិបាល សម្រាប់មនុស្សជាតិ ,តម្រូវការ ក្នុងការកសាងសហគមន៍ជោគវាសនារួមរវាង ចិន-កម្ពុជា និងតម្រូវការ ដើម្បីពង្រឹង ចំណងមិត្តភាពរវាងកងទ័ព ចិន-កម្ពុជា ។
លោកបញ្ជាក់យ៉ាងដូច្នេះថា «បច្ចុប្បន្នជំងឺវីរុសកូវីដ-១៩ ក្នុងប្រទេសកម្ពុជា មានភាពស្មុគស្មាញ កិច្ចទប់ស្កាត់នឹងជំងឺវីរុ សមានសម្ពាធខ្លាំង និងភារកិច្ចធ្ងន់ធ្ងរ ។ ក្នុងនាមជាមិត្តដែកថែប និងជាសហគមន៍ជោគវាសនារួម ភាគីចិនបានចាត់ ទុកបញ្ហាប្រឈម និងភាពលំបាករបស់ភាគីកម្ពុជា គឺជាបញ្ហាប្រឈមនិងភាពលំបាករបស់ខ្លួនផ្ទាល់។ ភាគីចិនរីករាយ ខិតខំជាមួយភាគីកម្ពុជា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាង ចិន និងកម្ពុជា យ៉ាងមុតមាំលើកិច្ចប្រយុទ្ធប្រឆាំងនឹង ជំងឺវីរុស រហូតដល់ភាគីកម្ពុជា អាចយកឈ្នះទាំងស្រុងជាមួយ ជំងឺដ៏កាចសាហាវមួយនេះបាន»។
ឆ្លៀតឱកាសនោះ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានថ្លែងអំណរគុណចំពោះ រដ្ឋាភិបាលចិន និងប្រជាជនចិន ដែលផ្ដល់វ៉ាក់សាំងកូវីដ-១៩ មកដល់កម្ពុជា ជាបន្ដបន្ទាប់។ សម្ដេចថា ទាំងនេះ បង្ហាញឲ្យឃើញថា ចំណងមិត្តភាពរវាង កម្ពុជា-ចិន ដ៏រឹងមាំ ក្នុងក្របខណ្ឌកិច្ចសហការជាយុទ្ធសាស្ដ្រ និងគ្រប់ជ្រុង ជ្រាយ នៃការកសាងសហគមន៍ជោគវាសនារួមរវាងប្រទេសទាំងពីរ។
សម្ដេច បន្ដថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ គឺជាយុទ្ធសាស្ដ្រ និងជាគន្លឹះមួយ សម្រាប់យុទ្ធសាស្ដ្រ និងទប់ស្កាត់ការ ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស សំដៅការពារអាយុជីវិតរបស់ប្រជាជន សុខភាពសាធារណៈ និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឲ្យបានជាអតិបរិមា នៃផលប៉ះពាល់ ពីជំងឺកូវីដ-១៩ ចំពោះវិស័យ សង្គម និងសេដ្ឋកិច្ចនៅកម្ពុជា។
សម្ដេច បន្ថែមថា ការជោគជ័យរបស់ប្រទេសកម្ពុជា ក៏ត្រូវមានការចូលរួម សហការ និងសាមគ្គី គ្រប់ភាគីពាក់ព័ន្ធ ទៅលើវិធានការចាំបាច់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនាពេលកន្លងទៅនេះ ប្រកបដោយប្រសិទ្ធភាព ក្នុងការយកជ័យជំន្នះក្នុងស្ថានភាពដ៏លំបាក់នេះ គឺជាកត្តាចាំបាច់បំផុត ផងដែរ៕