នយោបាយ

កម្ពុជា ៖អាមេរិក តែងតែប្រកាន់យកតួនាទីគ្របដណ្ដប់លើគេក្នុងការរិះគន់ ជាឯកតោភាគី និងតាមអំពើចិត្ត

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានលើកឡើងថា សហរដ្ឋអាមេរិក តែងតែប្រកាន់យកតួនាទីគ្របដណ្ដប់លើគេ នៅក្នុងការរិះគន់ ជាឯកតោភាគី និងតាមអំពើចិត្ត អំពីស្ថានភាពសិទ្ធមនុស្សរបស់ប្រទេសដទៃទៀត។

ការចេញសេចក្តីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពីក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញរបាយការណ៍ ប្រចាំឆ្នាំរបស់ខ្លួន ស្ដីអំពីស្ថានភាពសិទ្ធិមនុស្ស នៅក្នុងប្រទេសមួយចំនួន រួមមានទាំងប្រទេសកម្ពុជា ដោយបានរិះគន់ថា ខ្លួនបានរកឃើញ អំពើនិទណ្ឌភាព ឬភាពគ្មានទោសពៃរ៍ នៅតែបន្តកើតមាន និងរីករាលដាលក្នុងសង្គមកម្ពុជា និងចោទថា រដ្ឋាភិបាលកម្ពុជាបន្តរំលោភ និងរឹតត្បិតសិទ្ធិសេរីភាពជាមូលដ្ឋាន និងសិទ្ធិនយោបាយរបស់ប្រជាពលរដ្ឋ។

យោងតាមសេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បាន បញ្ជាក់ថាដោយគ្មានអាណត្តិជាក់ស្ដែងណាមួយ ដែលផ្ដល់ដោយ អង្គការសហប្រជាតិ សហរដ្ឋអាមេរិក តែងតែប្រកាន់យកតួនាទីគ្របដណ្ដប់លើគេ នៅក្នុងរិះគន់ ជាឯកតោភាគី និងតាមអំពើចិត្ត អំពីស្ថានភាពសិទ្ធមនុស្សរបស់ប្រទេសដទៃទៀត។ របាយការណ៍នេះ ខ្វះភាពសត្យានុម័ត និងមានការខ្វះខាតធ្ងន់ធ្ងរស្តីពីភាពត្រឹមត្រូវនៃកត្តាទិន្នន័យ និងបច្ចុប្បន្នភាពព័ត៌មានដូចខាងក្រោម៖

-ទីមួយ៖ ស្ថាប័នណាក៏ដោយនៅសហរដ្ឋអាមេរិកដែលមានបំណងវាយតម្លៃប្រទេសកម្ពុជា មិនគួរបិទភ្នែកចំពោះបំណុលសីលធម៌ដ៏ច្រើនសន្ធឹកសន្ធាប់ ដែលអតីតរដ្ឋការបានជំពាក់ព្រះរាជាណាចក្រនិងប្រជាពលរដ្ឋស្លូតត្រង់កម្ពុជា ដែលបានទទួលរងការទម្លាក់គ្រាប់បែកពីលើអាកាសដោយមិនរើសមុខ នៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៧០ នោះទេ។

-ទីពីរ៖ សហរដ្ឋអាមេរិកមិនអនុវត្តតាមគោលការណ៍ស្តីពីភាពជាអ្នកដឹកនាំក្នុងវិស័យសិទ្ធិមនុស្ស ដែលតម្រូវឱ្យធ្វើជាគំរូឱ្យគេ ដោយផ្តើមចេញពីខ្លួនឯង។ អ្វីដែលគួរឱ្យហួសចិត្តនោះ របាយការណ៍ប្រចាំឆ្នាំនេះ មិនបានលើកឡើងពីកំណត់ត្រាស្តីពីសិទ្ធិមនុស្សរបស់ខ្លួនឯងទេ ដែលជាការបដិសេធយ៉ាងពិតប្រាកដចំពោះការរំលោភបំពានសិទ្ធិមនុស្សរបស់សហរដ្ឋអាមេរិក ខ្លួនឯងផ្ទាល់។

-ទីបី៖ របាយការណ៍ខាងលើ មិនបានប្រើប្រាស់វិធីសាស្រ្តយុត្តិធម៌ត្រឹមត្រូវមួយសម្រាប់ធ្វើការវាយតម្លៃរបស់ខ្លួនទេ ដោយបំប៉ោងសិទ្ធិខ្លះហួសពីសិទ្ធិដ៏ទៃ ព្រមទាំងបដិសេធ លក្ខណៈពិសេសរបស់ជាតិ និងផលប្រយោជន៏ជាទូទៅដែលកម្ពុជាទទួលបាន នៅក្នុងដែនដ៏ធំទូលាយនៃសិទ្ធិមនុស្ស។

-ចុងក្រោយ ខ្លឹមសារនិងពាក្យពេចន៍ នៃរបាយការណ៍ប្រចាំឆ្នាំនេះ មានការផ្លាស់ប្តូរខុសប្លែកពីគ្នា អាស្រ័យទៅតាមភាពជិតស្និទ្ធឬលក្ខណៈយុទ្ធសាស្ត្របែបណាដែលប្រទេសនីមួយៗជាមួយអាមេរិក ។ ការអនុវត្តតាមបែបជ្រើសរើសតែមួយជ្រុង និងយកបញ្ហាសិទ្ធិមនុស្សធ្វើជាអាវុធ គឺជាទំនោរអកុសលមួយដែលចាំបាច់ត្រូវតែបង្ការកុំឱ្យកើតមាន និងកាត់បន្ថយ ប្រសិនបើពិតជាមានចេតនាចង់ជំរុញនិងការពារសិទ្ធិមនុស្ស ដើម្បីជាផលប្រយោជន៍ សាធារណៈសកល។

ដូចដែល លោក អានតូនីញ៉ូ ហ្គូតឺរ៉េស (António Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ ធ្លាប់បានលើកឡើង «សិទ្ធិមនុស្ស ដាច់ខាតមិនមែនជាយានសំរាប់ស្តង់ដារ ឬមធ្យោបាយដើម្បីអនុវត្តរបៀបវារៈលាក់កំបាំងនោះទេ»។

អ្នកនាំពាក្យនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អះអាងជាថ្មីនូវការប្តេជ្ញាចិត្ត ដោយឥតងាករេរបស់កម្ពុជា ក្នុងការអនុវត្តប្រជាធិបតេយ្យសេរីពហុបក្ស និងប្រកាន់យកនីតិរដ្ឋ និងការគោរពសេរីភាពជាមូលដ្ឋាន ដែលអនុលោមទៅតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕

To Top