ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុខុន​ ជួបនិស្សិតអាហារូបករណ៍​ ទៅសិក្សានៅអូស្ត្រាលី និងនូវែលហ្សេឡង់

ភ្នំពេញ៖​ លោក​ ប្រាក់​ សុខុន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ​ នៅម៉ោងប្រមាណ​ ៨ព្រឹក​ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩នេះ បាននិងកំពុងជួបនិស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នឹងទៅសិក្សានៅប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់ចំនួន​ ៣៧នាក់​ ។

ក្នុងចំណោមនិស្សិទាំង ៣៧រូបនោះ មាននិស្សិតអាហារូបករណ៍អូស្រ្តាលី ចំនួន២១នាក់ និងនិស្សិតអាហារូបករណ៍ ណូវែលហ្សេឡង់ ចំនួន១៦នាក់។

ថ្លែងក្នុងឱកាសជួបសំណេះសំណាលនេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអបអសាទរ ដល់និស្សិតទាំងអស់ ដែលទទួលបានការជោគជ័យលើការប្រឡង ទទួលបានអាហាររូបករណ៍ ទៅសិក្សានៅប្រទេសទាំងពីរនេះ។ លើសពីនេះ ឧបនាយករដ្ឋមន្ត្រី បានផ្តាំផ្ញើដល់និស្សិតទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹង និងបទពិសោធន៍ល្អៗពីប្រទេសគេ ដើម្បីយកមកប្រើប្រាស់ នៅក្នុងប្រទេសកម្ពុជាផងដែរ។

លោកឧបណាយករដ្ឋមន្ត្រី ក៏បានណែនាំនិស្សិតទាំងអស់ ត្រូវថែរក្សាសុខភាពឲ្យបានល្អ ដើម្បីជៀសវាងកើតមានជំងឺផ្សេងៗ ជាពិសេសលោកបានប្រាប់ឲ្យ និស្សិតទាំងអស់ត្រូវគោរពច្បាប់ទម្លាប់ និងប្រពៃណីប្រទេសរបស់គេ ។

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា អាហារូបករណ៍ ដែល រដ្ឋាភិបាលអូស្ត្រាលី ផ្តល់មកកម្ពុជាសរុប តាំងពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៩នេះ មានប្រមាណ ៨៥៣នាក់។ លោកបន្តថា អាហារូបករណ៍ដែល រដ្ឋាភិបាលណូវែលហ្សេឡង់ ផ្តល់មកកម្ពុជា តាំងពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១៩នេះ មានប្រមាណ ២៨៥នាក់ផងដែរ ៕

To Top