ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា និងជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំ២០២២ នឹងអញ្ជើញចូលរួមក្នុងកិច្ចសន្ទនាត្រីភាគីបើកចំហ (Open-Ended Troika Dialogue) ថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន-ចក្រភពអង់គ្លេស នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី៦ មេសានេះ បានឲ្យដឹងថា ការអញ្ជើញចូលរួមនេះ គឺតបតាមការអញ្ជើញរបស់ លោក ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ (DATO ERYWAN PEHIN YUSOF) រដ្ឋមន្រ្តីការបរទេសប្រ៊ុយណេដារ៉ូសាឡឹម ។
កិច្ចសន្ទនានេះរំពឹងថា នឹងគ្របដណ្តប់លើការរិះរកវិធី និងមធ្យោបាយនានា ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងអាស៊ាន និងចក្រភពអង់គ្លេស ក្នុងការដោះស្រាយសេចក្តីបារម្ភរួមគ្នា ផ្នែកសុខភាពនៅក្នុងតំបន់ និងពិភពលោក ជាពិសេស ការរាតត្បាតជំងឺកូវីដ-១៩ ការពង្រីកនិងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ដើម្បីកសាងការស្តារ សេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាព និងរឹងមាំ និងការលើកកម្ពស់ការប្តេជ្ញាចិត្ត ក្នុងការដោះស្រាយបញ្ហាដែលបង្កឡើង ដោយបម្រែបម្រួលអាកាសធាតុ ៕