ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលបានលើកឡើងថាអាមេរិក អ្នកមានទំនើង គិតយ៉ាងណាដែរចំពោះខ្មែរដែលខ្លួនយកគ្រាប់បែក២លាន៧សែនតោន ក្នុងនោះមានគ្រាប់បែកគីមីផងយកមកទំលាក់នៅក្នុងស្រុកខ្មែរកាលពីសម័យសង្រ្គាមវៀតណាមនៅពេលកងទ័ពរបស់ខ្លួនមកដល់វៀតណាម នាថ្ងៃ១ វិច្ឆិកា ១៩៥៥ ដោយកងទ័ពអាកាសរបស់អាមេរិក បានចាប់ផ្តើមទំលាក់គ្រាប់បែក និង គ្រាប់បែកគីមី ចុងទសវត្សរ៍ ទី៦០ និងចប់នៅឆ្នាំ១៩៧៣ នៅលើទឹកដីកម្ពុជាតាមបណ្តោយព្រំដែន ខ្មែរ-យួន ចាប់ពីកន្ទុយនាគរហូតដល់ស្វាយរៀង ស្រុកចន្ទ្រាបណ្តាលឲ្យស្លាប់ និងរបួសពលរដ្ឋខ្មែរប្រមាណ ១០ម៉ឺននាក់។ នេះបើយោងតាមរបាយការណ៍របស់ សុីអាយអេ។
លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានសរសេរលើគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី៦ មេសានេះថា អាមេរិកបង្កសង្រ្គាមនៅវៀតណាម ធ្វើឲ្យខ្មែរវេទនារងនូវអំពើប្រល័យពូជសាសន៍ បោកអ្នកនយោបាយខ្មែរឲ្យស្លាប់ របួស រត់ចោលស្រុក និង ជាប់គុក ក្រោមស្លាកបោកប្រាស់ប្រជាធិបតេយ្យ សិទ្ធិមនុស្ស សិទ្ធិបញ្ចេញមតិ បង្កើតអង្គការក្រៅរដ្ឋាភិបាលឲ្យជេរ រាជរដ្ឋាភិបាលខ្លួនឯង។ល។ ហេតុផលទាំងអស់នេះក្នុងទិសដៅ ទុច្ចរិតឲ្យខ្មែររស់មិនខ្លាំង ខ្សោយមិនងាប់ និងចង់ឲ្យខ្មែរបន្តរណបគេរហូតជាពិសេស ខឹងខ្មែរ មានទំនាក់ទំនងជាមិត្តដែកថែបជាមួយចិន និង បានចូលរួមបង្កើតប្រ៊ី។ បញ្ជាក់បើគ្មានចិន និងប្រ៊ីទេប្រហែលខ្មែរត្រូវគេលេបបាត់ហើយ។
លោក សយ សុភាពលើកឡើងបន្ថែមថា ប្រជាធិបតេយ្យរបស់អាមេរិកគឺជា យុទ្ធសាស្ត្រចង់ឲ្យខ្មែររស់ដោយរណបគេឯង។
អាមេរិកអាងអីដាក់ទណ្ឌកម្ម ផ្តាច់ GSP និងប្រាប់ឲ្យអឺរ៉ុប ផ្តាច់ EBA ដោយចោទថា ធ្វើបាបបក្សប្រឆាំង រំលោភសិទ្ធិមនុស្ស ហើយបើកយុទ្ធនាការលើក កិច្ចព្រមព្រៀងទីក្រុងប៉ារីស មកវាយប្រហារ ក្នុងគោលដៅឲ្យ កូនជឹងរបស់ខ្លួន ធ្វើរដ្ឋប្រហារដូចអ្វីដែលខ្លួនធ្លាប់ធ្វើកាលពី ១៨ មីនា ១៩៧០។ អារិកអាងអីទារបំណុលដែលរបប លន់ ណល់បានជំពាក់ទាំងការ និង ដើម ប្រហាក់ប្រហែល៥០០លានដុល្លារ។
លោក សយ សុភាព សង្កត់ធ្ងន់ថា “ឥឡូវនេះពេលវេលាក៏អាចមកដល់ដែរ ខ្ញុំសុំលើកជាទស្សនទានសម្រាប់ការពិចារណា ដោយឲ្យ ប្រជាជាតិខ្មែរ ដែលមានសភា ទាំង២ រាជរដ្ឋាភិបាលជាតំណាងបង្កើត គណៈកម្មការចំពោះកិច្ចសិក្សា អំពីអាមេរិកទំលាក់គ្រាប់បែកគីមី សម្លាប់ពលរដ្ឋខ្មែរដែលផ្ទុយ ទៅនឹងច្បាប់អន្តរជាតិដែលមានអាមេរិកផងដែរ ជាអ្នកតាត់តែង។ ទារសំណងចំពោះបទឧក្រិដ្ឋ ដែលអាមេរិកធ្វើមកលើខ្មែរ ដោយមិនខ្លាចសងបំណុល តូចតាចជំពាក់អាមេរិកទេ។
ជាការព្រមានអាមេរិកវិញ កុំឲ្យអាងអី គម្រាមគេឯង។ អាមេរិកមិកមិនមែនម្ចាស់ ពិភពលោកម្នាក់ឯងទេ ( បើនិយាយតាមភាសាអ្នកស្រុកវិញ មានន័យថា អាមេរិកឈ្លើយណាស់)។ សូមខ្មែរណាដែលអាមេរិកនិយមគិតហើយ មករួមជាមួយខ្មែរដូចគ្នាកសាងប្រទេស កុំជឿថាប្រទេសប្រជាធិបតេយ្យ ទំនើង ឬ ឈ្លើយ ( អាមេរិកឈ្លើយណាស់ៗ ថ្ងៃណាក៏មើលងាយខ្មែរដែរ” ៕