ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ លោក ព្រុំ សុខា ស្នើឲ្យក្រសួង-ស្ថាប័នទាំងអស់ត្រូវផ្ដល់ជាបន្ទាន់ នូវចំនួនមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យាដែល នៅមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ដោយគិតមកដល់ថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២១។
ការស្នើរបស់ក្រសួងមុខងារសាធារណៈ ក្រោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានៅរាត្រីថ្ងៃ៦ មេសា បានបញ្ជាក្រសួង-ស្ថាប័នជាតិទាំងអស់ ពិនិត្យមន្រ្តីក្រោមឱវាទ ព្រមទាំងព្រមានកងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការទៅចាក់វ៉ាក់សាំង ការពារមេរោគកូវីដ១៩ គ្រប់គ្នា ។ សម្តេចថា ប្រសិនបើពួកគេមិនទៅចាក់វ៉ាក់សាំង នឹងមិនអនុញ្ញាតឲ្យចូលធ្វើការឡើយ រហូតដល់បានចាក់វ៉ាក់សាំង រួចទើបអនុញ្ញាតឲ្យចូលធ្វើការវិញ។ សម្តេចបន្តថា មានមន្រ្តីខ្លះបានព្យាយាមគេចវេស ពីការចាក់ដោយយកឡេះហេតុផលនេះ ហេតុផលនោះ ៕