ព័ត៌មានអន្តរជាតិ

CDC៖ ផ្ទុះជំងឺអេបូឡាថ្មី បណ្តាលឲ្យស្លាប់មនុស្ស នៅក្នុងប្រទេស ហ្គីណេ

អាប់ឌីស អាបាបា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការរោគប្រចាំនៅទ្វីបអាហ្វ្រិក ហៅកាត់ថា (Africa CDC) បានឲ្យដឹងកាលពីថ្ងៃអង្គារថា ប្រទេសនៅទ្វីបអាហ្វ្រិកខាងលិច ឈ្មោះថា ហ្គីណេ (Guinea) បានរកឃើញមានករណីវីរុសអេបូឡា ចំនួន០៥ករណី និង០៣ករណីនៃជំងឺអេបូឡា ដែលបណ្តាលឲ្យស្លាប់ក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅនេះ ។

មជ្ឈមណ្ឌល CDC ប្រចាំនៅទ្វីបអាហ្វ្រិក ជាទីភ្នាក់ងារថែទាំសុខភាពពិសេសនៃសមាជិកសហភាពអាហ្វ្រិកចំនួន៥៥ប្រទេស បានឲ្យដឹងថា ករណីថ្មីនៃជំងឺអេបូឡា មាន០៥នាក់ សរុបករណីដែលបានរកឃើញនៅទ្វីបនេះមានរហូតដល់៣៥នាក់ ហើយ១៨នាក់ក្នុងចំណោមអ្នកទាំងនោះបានបាត់បង់ជីវិត ។

Africa CDC បានឲ្យដឹងថា “ប្រទេសហ្គីណេ បានរកឃើញករណីអេបូឡា សរុបចំនួន២៣នាក់ ក្នុងចំណោមនោះមាន១២នាក់បានបាត់បង់ជីវិត ទន្ទឹមនឹងនេះដែរ អ្នកជំងឺផ្សេងទៀតចំនួន០៩នាក់បានជាសះស្បើយពីជំងឺ” ។

គួររំលឹកថា វីរុសបង្កជំងឺអេបូឡា ដែលបានផ្ទុះឡើងនៅទ្វីបអាហ្វ្រិក ពីឆ្នាំ២០១៤ដល់ឆ្នាំ២០១៦ បានសម្លាប់មនុស្សអស់ជាង១១.៣០០នាក់ ដែលមានអ្នកឆ្លងជំងឺនេះជាង២៨.៦០០នាក់ដែលបានកត់ត្រា ។

ជំងឺអេបូឡា ជាប្រទេសជំងឺឆ្លងខ្លាំងក្លាមួយ ដែលធ្វើឲ្យហូរឈាម គ្រុនក្តៅ ដែលរោគសញ្ញាសំខាន់ ក្នុងនោះរាប់ទាំង គ្រុនក្តៅ ក្អួតចង្អោរ រាគ ឈឺចុកចាប់ ឬរសាប់រសល់ និងមានករណីជាច្រើនទៀត ដែលមានឈាមហូរ ទាំងនៅខាងក្នុង និងក្រៅខ្លួន ៕

To Top