Feature

រដ្ឋមន្រ្តីព័ត៌មាន មានមោទនភាពចំពោះគណៈប្រតិភូកម្ពុជា ការពារផលប្រយោជន៍ជាតិ

ភ្នំពេញ ៖ លោក នេត្រ ភក្ត្រារដ្ឋមន្រ្តីក្រសួងព័ត៌មាន បង្ហាញមោទនភាពជាខ្លាំងចំពោះគណៈប្រតិភូកម្ពុជា ក្នុងការការពារផលប្រយោជន៍ជាតិដោយសន្តិវិធីឈរលើគោលការណ៍ច្បាប់អន្តរជាតិ នៅក្នុងកិច្ចប្រជុំ UNCLOSជាលើកដំបូង ។

ការលើកឡើងបែបនេះរបស់លោក នេត្រ ភក្ត្រា ក្រោយកិច្ចប្រជុំលើកដំបូងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ រវាងគណៈកម្មការផ្សះផ្សា និងកម្ពុជា-ថៃ ក្នុងនីតិវិធីផ្សះផ្សាក្រោមមាត្រា ២៩៨ និងឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បានបិទបញ្ចប់នៅប្រទេសសិង្ហបុរី នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នេះ។

លោក នេត្រ ភក្ត្រាបានថ្លែងថា ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ លោកមានមោទនភាពចំពោះគណៈប្រតិភូកម្ពុជា ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងារតំណាងកម្ពុជា ដែលបានចូលរួមក្នុងដំណើរការនេះ ដើម្បីបង្ហាញជំហររបស់កម្ពុជាតាមរយៈច្បាប់ ការទូត ការសន្ទនា និងមធ្យោបាយសន្តិវិធី។

លោកបន្តថា ការចូលរួមក្នុងយន្តការផ្សះផ្សាមិនមែនជាការបង្កើនភាពតានតឹងទេ ប៉ុន្តែជាការប្រើប្រាស់យន្តការដោះស្រាយវិវាទដោយសន្តិវិធីដែលមានចែងក្នុង UNCLOS។

រដ្ឋមន្រ្តីបន្ថែមថា អ្វីដែលគួរឱ្យកត់សម្គាល់ មិនមែនត្រឹមតែការចូលរួមក្នុងកិច្ចប្រជុំមួយនោះទេ ប៉ុន្តែជាការបង្ហាញថា កម្ពុជាជ្រើសរើសច្បាប់ជំនួសការប្រឈមមុខ និងជ្រើសរើសការទូតជំនួសការបង្កើនភាពតានតឹង។ នេះក៏ស្របនឹងជំហរដែលកម្ពុជាបានប្រកាន់ខ្ជាប់ជានិច្ចក្នុងការស្វែងរកដំណោះស្រាយវិវាទជាមួយប្រទេសជិតខាងដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។

រដ្ឋមន្រ្តីអះអាងថា បន្ទាប់ពីកិច្ចប្រជុំលើកដំបូងនេះ ការបង្ហាញឆន្ទៈសុចរិត ឬ Good Faith របស់ភាគីពាក់ព័ន្ធ គួរត្រូវបានវាស់វែងតាមរយៈសកម្មភាពជាក់ស្តែងដូចជា ការចូលរួមក្នុងដំណើរការដោយស្ថាបនា ការអនុវត្តកិច្ចព្រមព្រៀង និងវឌ្ឍនភាពដែលអាចវាស់វែងបានឆ្ពោះទៅរកដំណោះស្រាយ។

លោកសង្កត់ធ្ងន់ថា កិច្ចប្រជុំលើកដំបូងបានបញ្ចប់ ប៉ុន្តែដំណើរការផ្សះផ្សាទើបតែចាប់ផ្តើម។ អ្វីដែលសំខាន់បន្ទាប់គឺការបន្តរក្សាភាពម៉ឺងម៉ាត់ អត់ធ្មត់ និងប្រើប្រាស់ច្បាប់អន្តរជាតិ និងការទូត ដើម្បីឆ្ពោះទៅរកដំណោះស្រាយមួយដែលមានសន្តិភាព និងយូរអង្វែងសម្រាប់ប្រទេសជិតខាងទាំងពីរ ៕

To Top