ភ្នំពេញ ៖ លោក សយ សុភាព បានលើកសរសើរ ពីខ្លឹមសារសំណេរ របស់លោក យឹម ស៊ីណន ក្រោមចំណងជើង «កំហុសយុទ្ធស្ត្រ» ថាពិតជាមានអត្ថន័យ ខ្លឹមសារល្អ ។
លោក យឹម ស៊ីណន អតីតយុវជនម្នាក់ របស់អតីតគណបក្សសង្រ្គោះជាតិ ប្រចាំនៅប្រទេសកូរ៉េខាងត្បូង បានរិះគន់លោក អេង ឆៃអ៊ាង ដែលជាអ្នកដាក់ចេញយុទ្ធសាស្រ្ត ”ដេកផ្ទះឈ្នះឯង” ក្នុងគោលបំណង រាំងស្ទះការបោះឆ្នោតជាតិ ឆ្នាំ២០១៨ និងយុទ្ធសាស្រ្តមួយទៀតគឺ “ប្រឆាំងការចាក់វ៉ាក់សាំង” ប៉ុន្តែបើតាមលោក យឹម ស៊ីណន បានហៅការរៀបចំយុទ្ធសាស្រ្ត គឺខុសផ្ទុះស្រឡះ ពីការចង់បានរបស់លោកអេង ឆៃអ៊ាង និងក្រុមប្រឆាំងហើយ ព្រោះយុទ្ធសាស្រ្ត ”ដេកផ្ទះឈ្នះឯង” ក្នុងគោលបំណងរាំងស្ទះការបោះឆ្នោតជាតិឆ្នាំ២០១៨ តែបានធ្វើឲ្យដំណើរការបោះឆ្នោតដោយរលូនទៅវិញ ។ ចំពោះយុទ្ធសាស្រ្ត “ប្រឆាំងការចាក់វ៉ាក់សាំង” បានធ្វើឲ្យអ្នកគាំទ្រ និងសកម្មជនរបស់ខ្លួន ត្រូវបានជាប់គុក និងការចាប់ខ្លួនយក ទៅអប់រំជាដើម។
លោក សយ សុភាព បានលើកឡើងនៅថ្ងៃ៨ មេសា ថា “សំណេរក្រោមចំណងជើងថា កំហុសយុទ្ធស្ត្រ ពិតជាមានអត្ថន័យ ខ្លឹមសារល្អ ដែលបានបង្ហាញឲ្យឃើញថា អ្នកណាជាអ្នកដាក់ចេញយុទ្ធសាស្ត្រ ដ៏ឆ្កួតលីលាដូច អាពតនោះ។ សំណាងហើយដែលក្រុមជ្រុលនិយម ដូចខ្មែរក្រហមនេះ ត្រូវបានរំលាយទាន់ ហើយបើសិនពួកនេះ កាន់អំណាចវិញកំរិត នៃការសងសឹក មិនចាញ់ខ្មែរក្រហមទេ គឺព្រៃព្រផ្សៃណាស់”។
លោកថា សំណេររបស់ ស៊ីណន បើទោះជាប្អូនត្រូវបានតុលាការភ្នំពេញ ប្តឹងយ៉ាងណានោះជារឿងមួយ ប៉ុន្តែគំនិតនយោបាយ របស់ប្អូនបើដូចការសរសេររៀបរាប់ មែននោះ ថ្ងៃណាមួយអាចមានឱកាស មកធ្វើនយោបាយបាន ដោយស្គាល់កាលៈទេសៈ ។
លោក សយ សុភាព បានស្នើឲ្យអ្នកគាំទ្រ អតីតគណបក្សសង្រ្គោះជាតិ ពិចារណាដោយសុភវិនិច្ឆ័យ ទៅលើក្រុមលោក សម រង្ស៊ី ថា ពួកគាត់មានគំនុំសងសឹកប៉ុណ្ណា បើគាត់កាន់អំណាចនោះ។ កន្លងមកមិនទាន់កាន់ អំណាចផង មានចរិតព្រៃផ្សៃទៅហើយ។
លោក សយ សុភាព បានលើកឡើងទៀតថា “កន្លងមកសកម្មជនប៉ុន្មាននាក់ រត់ចោលស្រុក ជាប់គុក និង ស្លាប់ដោយសារ ក្រុមលោក សម រង្ស៊ី លោក អេង ឆៃអ៊ាង លោកស្រី មូរ សុខហួ និងលោក ហូ វ៉ាន់ ។ តើអាចនិយាយថា ចាញ់បោកនយោបាយរបស់អាមេរិកឬ អាមេរិកបោក បានសម្រេច ព្រោះឪពុករបស់លោកបានដើរផ្លូវវនះរួចហើយ? ភូមិសាស្ត្រនយោបាយខ្មែរមិនអាចជឿ អាមេរិកទាំងស្រុង បានទេ អាចបាត់ស្រុក និងរស់មិនខ្លាំងខ្សោយមិនងាប់។ ភូមិសាស្ត្រនយោបាយខ្មែរ គឺនយោបាយឈ្នះឈ្នះនិងប្រ៊ី និងមានមិត្តដ៏ទៃទៀត” ៕