បរទេស ៖ វិមានក្រឹមឡាំង បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសរុស្ស៊ី នឹងរក្សាវត្តមាន កងកម្លាំងយោធា នៅជិតព្រំដែនប្រទេស ជាប់ប្រទេសអ៊ុយក្រែន សម្រាប់រយៈពេល ដែលខ្លួនមើលឃើញថា សាកសម និងថា ពួកគេមិនបង្កឲ្យមានការគម្រាម កំហែងនោះទេ ។
អ៊ុយក្រែននៅថ្ងៃអង្គារនេះ បានអំពាវនាវឲ្យណាតូបើកផ្លូវ ឲ្យខ្លួនចូលរួមជា មួយសម្ពន្ធមិត្ត យោធាលោកខាងលិច បណ្ដាលឲ្យមានការរិះគន់ភ្លាមៗ ពីទីក្រុងមូស្គូ ក្រោយប៉ុន្មានថ្ងៃ ដែលរុស្ស៊ី ប្រមូលផ្តុំយោធាខ្លួន នៅជិតតំបន់ Donbass ដែលមានជម្លោះ ។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានមានប្រសាសន៍ថា ណាតូគឺជាផ្លូវតែ មួយគត់ ដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ ហើយការបើកផ្លូវឲ្យប្រទេសអ៊ុយក្រែន ចូលជាសមាជិកសម្ពន្ធមិត្ត នឹងជាការបង្ហាញដ៏ពិតប្រាកដមួយ ចំពោះរុស្ស៊ី ។
គួរបញ្ជាក់ថា ប្រទេសអ៊ុយក្រែន បានធ្លាប់បានវាយលុកផ្នែកការទូត ដើម្បីទទួលបានការគាំទ្រ ពីបណ្ដាប្រទេស លោកខាងលិច និងអង្គការណាតូ នៅក្នុងជម្លោះជាប់គាំងមួយជាមួយប្រទេសរុស្ស៊ី ស្តីពីតំបន់ Donbass បង្កឲ្យមានក្តីព្រួយបារម្ភ ចាប់តាំងពីចុងខែមីនាមក ជុំវិញការបង្កើនកងទ័ពរុស្ស៊ី៕
ប្រែសម្រួល៖ប៉ាង កុង