ភ្នំពេញោ-ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១៖ ការជួយកុមារក្រីក្រ ក្នុងសហគមន៍ ឱ្យទទួលបាន ឱកាសរៀនសូត្រ គឺជាអំពើល្អ ដែលជួយឱ្យលោក អ៊ុក យុទ្ធ ត្រូវបានជ្រើសតាំង ជាបេក្ខជនមួយរូប ក្នុងកម្មវិធីពានរង្វាន់ ពលរដ្ឋគំរូ Smart ឆ្នាំ២០២០។
ឥឡូវនេះ លោក យុទ្ធ បានជាប់ជាបេក្ខជនម្នាក់ ក្នុងចំណោមបុគ្គល ដែលត្រូវបានជ្រើសតាំង ១០នាក់ សម្រាប់វគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធីពានរង្វាន់ ពលរដ្ឋគំរូនេះ ហើយបើលោក ត្រូវបានគេជ្រើសរើស ជាជ័យលាភី លោកនឹងទទួលបាន ប្រាក់រង្វាន់ ១ម៉ឺនដុល្លារ។
បុរសដែលជាមន្ត្រី សម្របសម្រួលប្រចាំសមាគមខ្មែរ ដើម្បីអភិវឌ្ឍន៍តាមជនបទ ដែលជាអង្គការមួយ ក្នុងខេត្តក្រចេះរូបនេះ បានផ្តល់ការសិក្សា ដល់សិស្សក្រីក្រ និងកុមារផ្សេងទៀត នៅក្នុងសហគមន៍ របស់លោកដោយឥតគិតថ្លៃ។
គំនិតជួយកុមារនេះ បានកើតមានឡើងបន្ទាប់ពី លោកបានទៅទស្សនាកោះទ្រង់ ដែលជាកោះអេកូទេសចរណ៍ សម្បូរដោយភ្ញៀវទេសចរបរទេស ស្ថិតនៅត្រើយម្ខាង នៃក្រុងក្រចេះ។ នៅពេលនោះ លោកសង្កេតឃើញថា ទាំងកុមារនិងមនុស្សចាស់ នៅលើកោះនោះ អាចប្រើប្រាស់ភាសាអង់គ្លេស បានតិចតួចប៉ុណ្ណោះ។
លោកថ្លែងថា៖ “ខ្ញុំគិតថា ប្រសិនបើបណ្តុះបណ្តាល ក្មេងជំនាន់ក្រោយ វាធ្វើឱ្យតំបន់នោះ ក្លាយជារឿងដែលល្អ នៅថ្ងៃក្រោយសម្រាប់ពលរដ្ឋ ដែលរស់នៅទីនោះ”។
ដូច្នេះ ក្នុងខែមករា ឆ្នាំ២០១៦ លោកបានសហការជាមួយ សាលាបឋមសិក្សារដ្ឋមួយ នៅលើកោះនោះ ដើម្បីបង្រៀនភាសាអង់គ្លេស ដោយឥតគិតថ្លៃ ដល់កុមារប្រហែល ៧០នាក់ ដោយមានជំនួយស្ម័គ្រចិត្ត ពីគ្រូបរទេស ២នាក់ផ្សេងទៀត។ តែដោយសារកិច្ចសហការនេះ មិនមានភាពរលូន ការបង្រៀននេះ បានបញ្ចប់ក្នុងខែកក្កដា ឆ្នាំដដែល។
ក្រោយមកក្នុងខែដដែលនោះ លោកបានសម្រេចចិត្ត បានដំណើរការសាលារៀនមួយ ឈ្មោះថា សាលាដូលហ្វីន នៅផ្ទះរបស់លោកផ្ទាល់ ក្នុងក្រុងក្រចេះ ដើម្បីបន្តឆន្ទៈរបស់លោក។ តែក្រៅពីផ្តល់ការសិក្សាភាសាអង់គ្លេស សាលារបស់លោក ក៏បានបន្ថែមមុខវិជ្ជាកុំព្យូទ័រ ថ្នាក់មូលដ្ឋាន និងបណ្ណាល័យថែមទៀតផង។
លោកថ្លែងថា៖ “ខ្ញុំសម្រេចបង្កើតសាលានេះ ដើម្បីឱ្យក្មេងនៅទីរួមខេត្តនេះ ទទួលបានការអប់រំពិសេស។ ជាពិសេសទៅទៀត ភាសាអង់គ្លេស របស់ពួកគាត់នៅបឋមសិក្សា រៀនបានតិចតួចនៅឡើយ។ អញ្ចឹងនៅពេលពួកគេឡើង ថ្នាក់ទី ៧ មានការលំបាកណាស់ ផ្នែកភាសាអងគ្លេសហ្នឹង”។
លោកថ្លែងថា ការបង្កើតសាលារៀននេះ ទទួលបានជោគជ័យ ដោយចាប់ផ្តើមពីសិស្ស ៥នាក់ រហូតដល់ជាង ១០០នាក់ នៅសាខាទី១ ក្នុងសង្កាត់អូរឬស្សី ក្រុងក្រចេះ។
សាលារបស់លោក ក៏មានសាខាមួយទៀតផងដែរ ស្ថិតនៅក្នុង ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ ដែលមានចម្ងាយប្រហែល ៧គីឡូម៉ែត្រពីសាខាទី១។ នៅសាខានេះ មានសិស្សប្រហែលពី ៧០ ទៅ ៨០នាក់។
ជាអកុសល ដោយសារការរាតត្បាត ជំងឺកូវីដ សាលាទី២ នេះបានបិទដំណើរការ បណ្តោះអាសន្ន ហើយដោយសារខ្វះខាត គ្រូស្ម័គ្រចិត្ត ជាពិសេសគ្រូបរទេស ដែលជាធម្មតា ពួកគាត់មកស្នាក់នៅ រយៈពេលវែងក្នុងទីក្រុងនេះ ក្រោយការចូលនិវត្តន៍ ពីប្រទេសរបស់ពួកគាត់។
សព្វថ្ងៃ សាលារបស់លោក យុទ្ធ មានគ្រូស្ម័គ្រចិត្ត ចំនួន ៥នាក់ ក្នុងនោះមានគ្រូបរទេសម្នាក់។ ក្នុងចំណោមគ្រូស្ម័គ្រចិត្តខ្មែរ មានយុវតីម្នាក់ គឺជាសិស្សពូកែប្រចាំសាលា ដែលបានស្ម័គ្រចិត្ត ជួយបង្រៀន ក្រោយទទួលបានចំណេះដឹង ដែលអាចមានលទ្ធភាព បង្រៀនបាន។
លោក ហ៊ុន សុធា ជាគ្រូបង្រៀនបឋមសិក្សា និងភរិយា ហ៊ុន ដានីតា ជាស្រ្តីមេផ្ទះ គឺជាគ្រួសារមួយ ក្នុងចំណោមគ្រួសារជាច្រើន ដែលបញ្ជូនកូនរបស់ពួកគាត់ ទៅសិក្សានៅសាលាដូលហ្វីន។
លោកថ្លែងថា៖ “សាលានេះ គឺជាសាលាដែលមាន ប្រយោជន៍ចំពោះកូនខ្ញុំច្រើន។ ទីមួយ គ្រូសុទ្ធតែជាគ្រូល្អៗ មានចំណេះដឹង និងវិធីសាស្រ្ត បង្រៀនគាត់ប្លែកៗ ហើយមួយទៀតនោះ គឺដោយសារស្ថានភាព គ្រួសារលុយកាក់មិនសូវមានច្រើន ទន្ទឹមនឹងសាលាល្អហើយ រៀនអត់អស់លុយទៀត”។
អ្នកស្រី សុង សុខខេង អាយុ ៤០ឆ្នាំ ជាស្រ្តីមេផ្ទះ និងមានប្តីជាជាងសំណង់ ដែលមានជីវិភាព មិនជាធូរធាប៉ុន្មាននោះ បានបញ្ជូនកូន ២នាក់ ក្នុងចំណោមកូន ៤នាក់របស់គាត់ ឱ្យទៅរៀនភាសាអង់គ្លេស នៅសាលាភាសាដូលហ្វីនរយៈពេល ២ឆ្នាំមកហើយ។ ក្រៅពីកូន អ្នកស្រីក៏មានក្មួយ ៥នាក់ទៀត រៀននៅសាលានេះផងដែរ។
អ្នកស្រីថ្លែងថា៖ “បើរៀននៅសាលាឯកជន យើងអត់មានលទ្ធភាព។ អញ្ចឹងសាលារបស់គាត់ បានផ្តល់ឱ្យកូនរៀនចេះ ដោយមិនយកលុយ”។ អ្នកស្រីបន្ថែមថា៖ “សាលាហ្នឹងជួយច្រើន គាត់មិនរើសអើង ចំពោះអ្នកអត់ ឬអ្នកមានទេ។ គាត់ទទួលយកទាំងអស់ ឱ្យតែកូនចូលរៀន”។
ទាក់ទងនឹងថវិកា ដែលចំណាយលើសាលា លោក អ៊ុក យុទ្ធ ថ្លែងថា លោកប្រើប្រាស់ ប្រាក់ខែមួយចំណែក ដើម្បីចំណាយលើប្រតិបត្តិការ ខណៈមានការឧបត្ថម្ភម្តងម្តាល ពីសប្បុរសជនទាំងផ្នែកថវិកា និងសម្ភារបង្រៀន។
លោកថ្លែងថា៖ “នៅស្រុកខ្មែរមានអ្នកចិត្តល្អជាច្រើន គេក៏អាចធ្វើដូចខ្ញុំអញ្ចឹងដែរ។ ខ្ញុំមិនមានថវិកាអីច្រើនទេ ប៉ុន្តែយើងព្យាយាម ជួយសង្គមរបស់យើង។ សង្គមយើងតែងត្រូវការយើង អញ្ចឹងសូមឱ្យយើង ជួយគ្នាទៅវិញទៅមក តាមលទ្ធភាព ដែលយើងមាន កុំគិតថា ចាំយើងមានចាំយើងជួយ”។
លោកបន្ថែមថា បើលោកមានឱកាស ទទួលបានប្រាក់រង្វាន់ លោកនឹងប្រើទឹកប្រាក់នេះ ដើម្បីកែលម្អទីតាំងសាលា និងប្រើសម្រាប់ប្រតិបត្តិការ សាលាដើម្បីទទួល សិស្សបន្ថែមទៀត។ លោកក៏មានបំណង ផ្តល់ការអប់រំ ជាភាសាខ្មែរផងដែរ បើលោកមានលទ្ធភាព។
ក្រៅពីការផ្តល់ការបង្រៀន ដោយឥតបង់ប្រាក់ លោកក៏ផ្តល់អាហារពេលព្រឹក ដល់កុមារក្រីក្រខ្លាំងជាង ២០នាក់ផងដែរ ដូចជាផ្លែឈើ នំបុ័ង បាយ ទឹកសណ្តែកឬទឹកដោះគោ ដោយផ្តល់ជូន ២ថ្ងៃក្នុងមួយអាទិត្យ។
អំពើល្អទាំងនេះ ហើយដែលឆ្លើយតប ទៅនឹងកម្មវិធីពានរង្វាន់ ពលរដ្ឋគំរូ Smart ដែលជាផ្នែកមួយ នៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់ក្រុមហ៊ុន Smart Axiata ដែលបានចាប់ផ្តើម នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។ កម្មវិធីនេះមានបំណង ស្វែងរកពលរដ្ឋកម្ពុជា ដែលបានធ្វើសកម្មភាពល្អៗ ក្នុងការជួយប្រទេសជាតិ អ្នកជិតខាង និងសហគមន៍របស់ខ្លួន។
ការប្រកាសជ័យលាភី របស់កម្មវិធីពលរដ្ឋគំរូ Smart ដែលដើមឡើយគ្រោងធ្វើនៅ ថ្ងៃទី២៧ មីនា ឆ្នាំ២០២១ ត្រូវបានពន្យាពេល ដោយសារការរាតត្បាត ជំងឺកូវីដ-១៩។ កាលបរិច្ឆេទថ្មី នឹងត្រូវជូនដំណឹង នៅពេលក្រោយ។
ដើម្បីចូលមើលវីដេអូ អំពីលោក អ៊ុក យុទ្ធ សូមចុចលើតំណភ្ជាប់ (Link) នេះ៖ https://fb.watch/4KttT4hrYj/
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុក របស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh៕