ភ្នំពេញ ៖ ប្រជាពលរដ្ឋប្រមាណជា២៨នាក់ ក្នុងនោះមាន២នាក់ ស្ថិតនៅឃុំពួក ស្រុកពួក ខេត្តសៀមរាប បានពុលត្រីប្រៃ កាលពីម៉ោង២រសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ម្សិលមិញ។ នេះបើតាមការចុះផ្សាយ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនៃអធិការដ្ឋាន នគរបាលស្រុកពួក បានឲ្យដឹងថា ពលរដ្ឋបានទិញត្រីប្រៃ ពីឈ្មោះប៊ូ នឿម ភេទស្រី អាយុ៣៧ឆ្នាំនៅភូមិគោកជួន ឃុំពួក ស្រុកពួក ខេត្តសៀមរាប ដែលដាក់លក់នៅផ្សារពួក យកទៅបរិភោគជាមួយនឹងបន្លែត្រប់ ពពាយ និងបាយ ។
ក្រោយបរិភោគបាយរួច ប្រមាណជាមួយម៉ោងក្រោយ ពួកគាត់ចាប់ផ្ដើមមានអាការក្អួតចង្អោរ ហើយត្រូវបានយកមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកស្រុកពួក មន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលសុខភាពខ្នាត និងទឹកវិល។
បច្ចុប្បន្ន កម្លាំងជំនាញបាននិងកំពុង សហការជាមួយមន្ត្រី នៃមន្ទីរពេទ្យបង្អែក ចុះពិនិត្យ និងស្រាវជ្រាវករណីខាងលើ ៕