Covid-19

គ្រួសារអ្នកធ្វើចត្តាឡីស័ក នៅតំបន់បិទខ្ទប់ រដ្ឋនឹងផ្ដល់ថវិកាឧបត្ថម្ភ ៣០ម៉ឺនរៀលក្នុង១ខែ រួមទាំងជួយបង់ថ្លៃទឹកភ្លើង ២ខែ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញវិធានការអន្តរាគមន៍មួយ ជួយដល់គ្រួសារដែលកំពុងធ្វើចត្តាឡីស័ក នៅតំបន់បិទខ្ទប់ គឺរាជរដ្ឋាភិបាលនឹងជួយឧបត្ថម្ភ៣០ម៉ឺនរៀល ក្នុង ១គ្រួសារ ព្រមទាំងជួយបង់ថ្លៃទឹក ថ្លៃភ្លើង រយៈពេល ២ខែផងដែរ ។

ក្នុងឱកាសអញ្ជើញ ថ្លែងសារពិសេសទាក់ទងនឹងស្ថានភាពជំងឺកូវីដ១៩ នៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១០ ខែមេសានេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ចំពោះគ្រួសារដែលមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ រដ្ឋនឹងជួយបង់ជំនួសនូវ ការប្រើប្រាស់ទឹកស្អាត និងថ្លៃអគ្គិសនីអប្បបរមារយៈពេល ៥ខែបន្ថែម លើការអន្តរាគមន៍ជួយ ដែលដាក់ចេញកន្លងមក ហើយការជួយនេះសម្រាប់ប្រជាជនកម្ពុជាប៉ុណ្ណោះ ។

សម្ដេចបន្តថា ចំពោះគ្រួសារណាមានសមាជិកឆ្លងកូវីដ១៩ រដ្ឋនឹងជួយចេញថ្លៃទឹកថ្លៃភ្លើង អប្បបរមា រយៈពេល ៣ខែ ដោយរាប់ចាប់តាំងពី ជននោះឆ្លងជំងឺកូវីដ១៩ ។

សម្ដេចបញ្ជាក់ថា «គ្រួសារដែលធ្វើចត្តាឡីស័ក នៅតំបន់បិទខ្ទប់ រដ្ឋនឹងជួយ ៣០ម៉ឺនរៀល ក្នុង១គ្រួសារ និងជួយបង់ទឹកភ្លើងក្នុងកម្រិតសមរម្យមួយរយៈពេល ២ខែ ។ អ្នកដែលប៉ះពាល់នៅតំបន់បិទខ្ទប់ រដ្ឋនឹងជួយ ៣០ម៉ឺនក្នុង១គ្រួសារ ហើយជួយបង់ថ្លៃទឹកភ្លើងចំនួន ២ខែដែរ ។ ជាមួយគ្នានោះក៏ផ្តល់អង្ករដល់គ្រួសារដែលប៉ះពាល់ នៅតំបន់បិទខ្ទប់នូវអង្ករ ២៥គីឡូ មីមួយកេសតូច ត្រីខ ២០កំប៉ុងផងដែរ» ។

សម្តេចតេជោគូសបញ្ជាក់ថា ការដាក់ចេញវិធានការជួយអន្តរាគមន៍ ដោះស្រាយការលំបាកនេះ នឹងធ្វើនៅក្របខណ្ឌទូទាំងប្រទេសតែម្តង។ សម្តេចថា ស្របពេលដាក់ចេញការអន្តរាគមន៍នេះ ក៏មានគ្រួសារនៅតំបន់បិទខ្ទប់ បានប្រកាសមិនយកជំនួយពីរដ្ឋ ដើម្បីសម្រាលការចំណាយរបស់រដ្ឋ ដោយសារតែពួកគាត់មានជីវភាព អាចដោះស្រាយបញ្ហាបាន ។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឲ្យលោក ឃួង ស្រេង អភិបាលរាជធានី ប្រញាប់ដឹកស្បៀងអាហារ ទៅចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ ដែលរួមមានមានថវិកា ៣០ម៉ឺនរៀល អង្ករ ២៥គីឡូក្រាម មី ១កេស និងត្រីខ ២០កំប៉ុងផងដែរ។

សូមរំលឹកថា កាលពីយប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបិទខ្ទប់ទីតាំងភូមិសាស្ត្រ ដែលជាតំបន់មានការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ក្នុងនោះខណ្ឌមានជ័យ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ។ ការបិទខ្ទប់ភូមិសាស្ត្រមួយចំនួន នេះមានរយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោង ០០៖០០ថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។ ការសម្រេចបិទនេះដែរសម្រាប់ខណ្ឌមានជ័យ៖ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចបិទខ្ទប់ សង្កាត់ស្ទឹងមានជ័យ១ និងសង្កាត់ស្ទឹងមានជ័យ២។ ខណ្ឌសែនសុខ៖ បិទខ្ទប់ភូមិទ្រង់មាន់ នៃសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សម្រាប់ខណ្ឌពោធិ៍សែនជ័យ៖ បិទខ្ទប់ភូមិត្រពាំងថ្លឹង២ និងភូមិទួលពង្រ នៃសង្កាត់ចោមចៅ១, ភូមិចំការឪឡឹក១ ភូមិប៉ប្រកខាងត្បូង ភូមិប៉ប្រកខាងជើង និងភូមិត្រពាំងល្វា១ នៃសង្កាត់ការកាបទី១ និងភូមិចំការឪឡឹក១ នៃសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ៕

To Top