ព័ត៌មានជាតិ

អគ្គលេខាធិការ អង្គការអន្តរជាតិ និយាយភាសាបារាំង ស្នើសម្តេចតេជោ លើកស្ទួយបង្រៀនភាសាបារាំង

ភ្នំពេញ ៖ លោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការ នៃអង្គការអន្តរជាតិនិយាយភាសាបារាំង ក្នុងឱកាសជំនួបជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ បានស្នើឲ្យកម្ពុជា លើកស្ទួយបង្រៀនផ្នែកភាសាបារាំងបន្ថែម ខណៈភាសាបារាំង មិនសូវមានការពេញនិយម ដូចភាសាអង់គ្លេសនៅកម្ពុជា ។

លោកស្រីបានថ្លែងស្នើឲ្យកម្ពុជា ចូលអនុវត្តគម្រោង ដែលមានភាពជាក់លាក់ទាំងឡាយរួមមាន ៖ ការលើកស្ទួយការបង្រៀនភាសាបារាំង , ការលើកស្ទួយពាណិជ្ជកម្ម រវាងប្រទេសនិយាយភាសាបារាំង និងរៀបចំខួបទី៥០ឆ្នាំ នៃការបង្កើតអង្គការអន្តរជាតិ និយាយភាសាបារាំង នៅឆ្នាំ២០២០ខាងមុខ ។

ជាការឆ្លើយតបសម្ដេចតេជោ មានប្រសាសន៍ថា កម្ពុជាក្នុងនាមជាស្ថាបនិកមួយ នៃការបង្កើតអង្គការអន្តរជាតិ និយាយភាសាបារាំង នឹងបន្តធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងក្របខណ្ឌអង្គការនេះ ហើយនឹងចូលរួមរៀបចំខួប៥០ឆ្នាំ របស់អង្គការអន្តរជាតិ និយាយភាសាបារាំងផងដែរ។

សម្តេចបន្តថា តាមគោលការណ៍ និងការរៀបចំឡើងរបស់អង្គការ នឹងអាចរៀបចំឲ្យនិស្សិតកម្ពុជា ដែលរៀនភាសាបារាំង នៅប្រទេសបារាំង រៀបចំសកម្មភាពផ្សេងៗ ដើម្បីចូលរួមអបអរ ក្នុងខួប៥០ឆ្នាំផងដែរ។

សម្ដេចតេជោ លើកឡើងទៀតថា ចំពោះកិច្ចសហការ រវាងបណ្ដាប្រទេស និយាយភាសាបារាំង គប្បីពិនិត្យឲ្យបានជាក់លាក់ លើគម្រោងមួយចំនួន ដែលអាចធ្វើទៅបាន។ ជាមួយគ្នានេះ សម្ដេចតេជោចង់ធ្វើយ៉ាងណា លើកស្ទួយទំនាក់ទំនង លើវិស័យសេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម និងវិនិយោគ រវាងបណ្ដាប្រទេស និយាយភាសាបារាំង ព្រោះទំនាក់ទំនងនយោបាយ គឺចាប់ផ្ដើមឡើងពីទំនាក់ទំនងសេដ្ឋកិច្ច ។

ជាមួយគ្នានេះ លោកស្រី ល្វីស មូស៊ីគីវ៉ាបូ ក៏បានអបអរកម្ពុជា ដែលបានប្រែក្លាយពីប្រទេសមួយ ដែលធ្លាប់ទទួលកងទ័ពមួកខៀវ ពីអង្គការសហប្រជាជាតិ មកជាប្រទេសមួយបញ្ជូនទ័ព ទៅជួយក្នុងក្របខណ្ឌក្រោមឆ័ត្រ អង្គការសហប្រជាជាតិឡើងវិញ ៕

To Top