ភ្នំពេញ៖ ក្នុងដំណាក់កាល នៃការរីករាលដាល ជំងឺកូវីដ១៩ ក្នុងសហគមន៍កម្ពុជានេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្ស យុជនកម្ពុជា បានលើកឡើងថា នៅក្នុងកាលៈទេសៈនេះ សាសនិកជនព្រះពុទ្ធ គួរយកពុទ្ធឱវាទ មកប្រើគឺ អត្តាហិ អត្តនោ នាថោ ប្រែថាខ្លួនទីពឹងខ្លួន ព្រោះជំងឺកូវីដ ដូចចរន្តអគ្គីសនីឆក់អញ្ចឹងដែរ គឺ មិនអាចប៉ះគ្នា ផ្ទាល់បានទេ ។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុជនកម្ពុជា បានលើកឡើងនៅថ្ងៃទី១០ មេសានេះថា “នៅក្នុងកាលៈទេសៈនេះ សាសនិកជនព្រះពុទ្ធ គួរយកពុទ្ធឱវាទមកប្រើគឺ អត្តាហិ អត្តនោ នាថោ ប្រែថា ខ្លួនទីពឹងខ្លួន ដោយហេតុថា ជំងឺកូវីដដូចចរន្តអគ្គីសនី ឆក់អញ្ចឹងដែរ គឺមិនអាចប៉ះ
គ្នាផ្ទាល់បានទេ ដូច្នេះករណីមេរោគ COVID-19 នេះគឺត្រូវការពលរដ្ឋ ជួយខ្លួនឯងដោយផ្ទាល់ជាមុនសិន ទើបអ្វីៗ នឹងប្រសើរឡើងវិញ បើមិនដូច្នោះទេ អ្នកដែលវេទ្ទនាមុនគេគឺពលរដ្ឋនេះឯង” ។
លោក ពេជ្រ ស្រស់ សង្កត់ធ្ងន់ថា “ពលរដ្ឋគឺជាទ័ពស្រួច ជួរមុខ ដើម្បីច្បាំងជាមួយមេរោគ COVID-19 បើចម្បាំងចាញ់នោះគឺ ពលរដ្ឋជាអ្នកស្លាប់មុនគេ ក្នុងសមរភូមិតែម្តង” ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសថា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៤៨៣នាក់បន្ថែមទៀតដែលធ្វើឲ្យអ្នកជំងឺកូវីដ១៩ សរុបនៅកម្ពុជា កើនឡើងដល់ជាង៤ពាន់នាក់គិតត្រឹមថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ ៕