យ៉ាំងហ្គន, បាងកក៖ ស្ថាប័ននីតិប្បញ្ញត្តិជាតិ របស់កោះតៃវ៉ាន់ បានអនុម័តនូវសេចក្តី ស្នើច្បាប់មួយដែលជំរុញ ឱ្យយោធាភូមា ស្តារប្រជាធិបតេយ្យឡើងវិញ និងបញ្ឈប់អំពើហឹង្សា ប្រឆាំងនឹងក្រុមបាតុករ ដែលប្រឆាំងនឹងរដ្ឋប្រហារ។
យោងតាមសារព័ត៌មាន Asia Nikkei ចេញផ្សាយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា គាំទ្រដោយគណបក្សកាន់អំណាច និងត្រូវបានអនុម័ត ដោយសំឡេងភាគច្រើន នៅថ្ងៃសុក្រ សេចក្តីសម្រេចចិត្ត បង្ហាញពីការផ្លាស់ប្តូរ គោលនយោបាយ ដែលកំណត់កោះតៃវ៉ាន់ នៅឆ្ងាយពីបណ្តាប្រទេសដូចជាចិន ថៃ និង ប្រទេសវៀតណាម ដែលប្រទេសទាំងនោះ បានប្រកាន់យកវិធីសាស្រ្ត ទន់ភ្លន់ ចំពោះយោធាមីយ៉ាន់ម៉ា។ ខណៈពេលដែលមិនមានទំនាក់ទំនង ការទូតជាផ្លូវការ, កោះតៃវ៉ាន់ស្ថិតក្នុងចំណោម វិនិយោគិនធំបំផុត នៅក្នុងប្រទេសមីយ៉ាន់ម៉ា។
ដំណោះស្រាយនេះ បានកត់សម្គាល់ថា អំពើឃោរឃៅ របស់យោធាបានបង្កឱ្យមានការភ្ញាក់ផ្អើល ការព្រួយបារម្ភនិងការថ្កោលទោស នៅទូទាំងសហគមន៍ អន្តរជាតិ ដោយហៅអំពើហឹង្សានេះ ថាមិនអាចទទួលយកបានទេ។ រដ្ឋាភិបាលនានាបានទទូច ដល់របបនេះឱ្យស្តារនយោបាយប្រជាធិបតេយ្យឱ្យបានឆាប់តាមដែល អាចធ្វើទៅបាន ហើយក៏មានការអំពាវនាវ ឱ្យរដ្ឋាភិបាលកោះតៃវ៉ាន់ ការពារពលរដ្ឋតៃវ៉ាន់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងពង្រីកការស្នាក់នៅ របស់ប្រជាជនភូមា ដែលកំពុងរស់នៅតៃវ៉ាន់ទៀតផង។
ទោះយ៉ាងណា ដំណោះស្រាយនេះ មិនបានបញ្ជាក់ពីការដាក់ទណ្ឌកម្ម សេដ្ឋកិច្ចដែលអាចកើត មានប្រឆាំងនឹងរបបមីយ៉ាន់ម៉ាទេ។ ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen និងរដ្ឋាភិបាល របស់លោកស្រី ធ្លាប់មានភាពស្ទាក់ស្ទើ រក្នុងការថ្កោលទោស ចំពោះការធ្វើរដ្ឋប្រហារ របស់មីយ៉ាន់ម៉ា៕
ប្រែសម្រួលៈ ណៃ តុលា