ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់​ ចោទអ៊ីស្រាអែល ពីបទបង្កឲ្យមានការដាច់ភ្លើង នៅទីតាំង នុយក្លេអ៊ែ

" "

បរទេស ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Javad Zarif នាពេលថ្មីៗនេះ បានចោទប្រកាន់ប្រទេស អ៊ីស្រាអែល ពីបទបង្កឲ្យដាច់ភ្លើង កាលពីពីរថ្ងៃមុន នៅទីតាំងនុយក្លេអ៊ែ Natanz ក្នុងប្រទេសអ៊ីរ៉ង់ និងបានប្តេជ្ញាថា ទីក្រុងតេអេរ៉ង់ នឹងចាត់វិធានការសងសឹកវិញ ។

ទីភ្នាក់ងារសារព័ត៌មាន សាធារណរដ្ឋឥស្លាម បានរាយការណ៍ប្រាប់ថា លោក Javad Zarif បានធ្វើការថ្លែងយ៉ាងដូច្នោះ នៅមុនសមាជិកសភា ក្នុងអំឡុងកិច្ចប្រជុំគណៈកម្មការ គោលនយោបាយសន្តិសុខជាតិ និងបរទេស ។

" "

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ មន្ត្រីអ៊ីរ៉ង់បាននិយាយថា បញ្ហាសៀគ្វីអគ្គិសនី បានបង្កឲ្យមានការដាច់ភ្លើង នៅទីតាំងនុយក្លេអ៊ែ Natanz ហើយលោក Ali Akbar Salehi ជាប្រធានអង្គការ ថាមពលអាតូមិកអ៊ីរ៉ង់ បានពិពណ៌នា ហេតុការណ៍នោះថា ជាទង្វើនៃអំពើភេរវកម្មនុយក្លេអ៊ែ។

" "

លោក Javad Zarif បាននិយាយប្រាប់សមាជិកសភាថា ការឆ្លើយតបរបស់អ៊ីរ៉ង់នោះ គឺនឹងធ្វើការអភិវឌ្ឍ បន្ថែមនូវសមត្ថភាព នុយក្លេអ៊ែរបស់ខ្លួន បើទោះជាមានការចរចា កំពុងប្រព្រឹត្តទៅជាមួយសហរដ្ឋអាមេរិក ស្តីពីការបន្តឡើងវិញ នូវកិច្ចព្រមព្រៀង នុយក្លេអ៊ែពហុជាតិ ធ្វើឡើងក្នុងសម័យលោក អូបាម៉ា៕
ប្រែសម្រួល៖ប៉ាង កុង

To Top