ព័ត៌មានអន្តរជាតិ

រុស្ស៊ី បណ្តេញមន្រ្តីទូតឆែក ២០នាក់ ចេញពីប្រទេស និងប្រាប់ឱ្យចាកចេញត្រឹម ថ្ងៃទី១៩ មេសា (Video)

បរទេស៖ ជម្លោះរវាងរុស្ស៊ី និងសាធារណរដ្ឋឆែក កាន់តែតានតឹង បន្ទាប់ពីរដ្ឋាភិបាលទីក្រុង Prague បានចោទប្រកាន់រដ្ឋាភិបាលទីក្រុងមូស្គូថា ពាក់ព័ន្ធនឹងការផ្ទុះនៅឃ្លាំង ស្តុកគ្រាប់រំសេវមួយនៅទីក្រុង Vrbetice ក្នុងឆ្នាំ ២០១៤ ដែលបានធ្វើឱ្យជនជាតិឆែក ២ នាក់ស្លាប់។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងសកម្មភាពតបតវិញ ប្រឆាំងនឹងការបណ្តេញអ្នកការទូត ១៨ នាក់ចេញពីទីក្រុង Prague, រដ្ឋាភិបាលទីក្រុងមូស្គូ ក៏បានបណ្តេញអ្នកការទូតឆែកចំនួន ២០នាក់ វិញផងដែរ ដែលត្រូវបានគេប្រាប់អោយចាកចេញ ពីរដ្ឋធានីរបស់រុស្ស៊ីនៅត្រឹមថ្ងៃច័ន្ទទី១៩ ខែមេសា។

អ្នកឆ្លើយឆ្លងព័ត៌មានរបស់ Sputnik បានរាយការណ៍ថា ឯកអគ្គរដ្ឋទូតឆែកប្រចាំនៅប្រទេសរុស្ស៊ីលោក Vitezslav Pivonka ត្រូវបានកោះហៅទៅ ក្រសួងការបរទេសរុស្ស៊ីកាលពីថ្ងៃអាទិត្យ ប្រឆាំងនឹងរឿងអាស្រូវការទូត។ អ្នកការទូតរូបនេះបានចូលអគារក្រសួង ដោយមិនបានចេញសេចក្តីអត្ថាធិប្បាយទេ ចំណាយពេលប្រហែល ២០នាទីនៅទីនោះហើយចាកចេញមកវិញ។

សេចក្តីថ្លែងការណ៍បាននិយាយ “ការតវ៉ាដ៏ខ្លាំងមួយត្រូវបានប្រកាសដល់ ឯកអគ្គរដ្ឋទូតទាក់ទងនឹងទង្វើមិនរាក់ទាក់ របស់អាជ្ញាធរឆែកប្រឆាំងនឹងបុគ្គលិក នៃបេសកកម្មការទូតរុស្ស៊ីនៅក្រុងប្រាក។ លោក Pivonka ត្រូវបានគេជូនដំណឹងថាបុគ្គលិកចំនួន ២០នាក់ នៃស្ថានទូតឆែកនៅទីក្រុងមូស្គូត្រូវបាន ប្រកាសជាបុគ្គលិកមិនស្មោះត្រង់” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top