ព័ត៌មានអន្តរជាតិ

ហុងកុង ប្រកាសដាក់ បម្រាមគ្រប់ ជើងហោះហើរ មកពីឥណ្ឌា ប៉ាគីស្ថាន និងហ្វីលីពីន

បរទេស ៖ CNA ចេញផ្សាយ នៅថ្ងៃចន្ទនេះបានឲ្យដឹងថា ទីក្រុងហុងកុង បានប្រកាសផ្អាកដំណើរការ ជាផ្លូវការ ហើយសម្រាប់ជើងហោះហើរទាំងឡាយ ដែលមានប្រភព មកពីប្រទេស ឥណ្ឌា ប៉ាគិស្ថាន និងហ្វីលីពីន សម្រាប់រយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃអង្គារស្អែកនេះទៅ។

រដ្ឋាភិបាល របស់ក្រុងហុងកុង បានបញ្ជាក់ទៀតថា ប្រទេសទាំងបីនេះ នឹងត្រូវដាក់បញ្ចូល ទៅក្នុងបញ្ជីប្រទេស ដែលមានហនិភ័យបំផុត បន្ទាប់ពីវិរុសកូវីដ ពូជកាត់ថ្មី បានចាប់ផ្តើម វាយប្រហារ ទៅលើទីតាំងជាច្រើន ក្នុងរយៈពេលថ្មីៗនេះ និងក៏ដូចជាមានករណី នាំចូលមួយចំនួនដែលហុងកុង រកឃើញផងដែរ នៅក្នុងប្រទេស របស់ខ្លួនរយៈពេល១៤ ថ្ងៃចុងក្រោយនេះ ។

នេះមានន័យថា អាកាសចរដែល នឹងត្រូវរងផលប៉ះពាល់ ដោយបម្រាមលើកនេះ គឺមានដូចជាអាកាសចរ ក្រុមហ៊ុន Cathay Pacific, Hong Kong Airlines, Vistara និងCebu Pacific ផងដែរ។

គួរឲ្យដឹងដែរ ថាមកដល់ពេលនេះក្រុងហុងកុង អាចចាក់វ៉ាក់សាំងជូនពលរដ្ឋ របស់ខ្លួនត្រឹមតែ៩ភាគរយ នៃពលរដ្ឋសរុបប្រមាណ ជា៧,៥លាននាក់ ខណៈដែលរដ្ឋាភិបាល នៅតែបន្តធ្វើការអំពាវនាវ ជាបន្តបន្ទាប់ដល់ពលរដ្ឋរបស់ខ្លួន ដើម្បីចូលរួមកិច្ចការងារនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top