ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ បានចុះពិនិត្យទីតាំង ដឹព្រីមៀរ សែនសុខ និងវិមានពិភពថ្មីសែនសុខ ដែលប្រែក្លាយ ពីកន្លែងហូបការទំនើប មកជាទីតាំង សម្រាប់ដាក់ ឲ្យសម្រាកព្យាបាល ជំងឺកូវីដ-១៩ ចំនួនជាង ២០០០គ្រែ ខណៈជំងឺនេះ បាននិងកំពុងបន្តរីករាលដាល យ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្លៃ ។
ការចុះពិនិត្យនេះ ធ្វើឡើងដើម្បីជំរុញឲ្យការងារ នៃការរៀបចំទីតាំង សម្រាកព្យាបាល ជំងឺកូវីដ-១៩ ទាំង២ទីតាំងខាងលើនេះ បានលឿន និងសមស្របជាទីតាំង សម្រាប់សំរាកព្យាបាលជម្ងឺ មុននឹងបញ្ជូន អ្នកជំងឺមកសម្រាកព្យាបាល ។
ទីតាំងដឹព្រីមៀរ សែនសុខ ស្ថិតនៅជិតផ្សារទំនើប អី អនសែនសុខ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ អាចរៀបចំនូវគ្រែចំនួន ២០០០គ្រែ និងទីតាំងអាគារ វិមានពិភពថ្មី សែនសុខ អាចដាក់គ្រែ បានប្រមាណ ជា៨០០គ្រែ ។
ក្នុងឱកាសនោះដែរ លោកឃួង ស្រេង បានធ្វើការណែនាំទៅ អាជ្ញាធរខណ្ឌសែន សុខ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវចេះការពារខ្លួនឯង កុំអោយឆ្លងកូវីដ-១៩ ពោលគឺ នៅពេលដែលក្រុមការងារ បញ្ជូនអ្នកជំងឺកូវីដ-១៩ មកកាន់ទីតាំងនេះ សូមរក្សាគម្លាត និងការពារខ្លួន ឲ្យបានម៉ត់ចត់បំផុត ទៅតាមការណែនាំ គ្រប់យ៉ាងរបស់ក្រសួងសុខាភិបាល។
ទីតាំងទាំង២ខាងលើនេះ បានរៀបចំគ្រែ សម្រាប់អ្នកជម្ងឺរួចរាល់ហើយ ពោលគឺនៅតែក្រុមគ្រូពេទ្យ និងក្រុមការងារពាក់ព័ន្ធ បញ្ជូនអ្នកជម្ងឺកូវីដ-១៩ មកសម្រាកព្យាបាល តែប៉ុណ្ណោះ។
គួរបញ្ជាក់ថា ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីរហូតដល់ ៦២៤នាក់ ដែលភាគច្រើនបំផុត ជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន ៤៨នាក់ បានជាសះស្បើយ។ អ្នកឆ្លងទាំង៦២៤នាក់ សុទ្ធសឹងជាករណី ឆ្លងក្នុងសហគមន៍២០កុម្ភៈ ក្នុងនោះ នៅរាជធានីភ្នំពេញ ចំនួន៤៦៥នាក់, ខេត្តកំពង់ចាម ១នាក់, ខេត្តពោធិ៍សាត់ ១នាក់, ខេត្តស្វាយរៀង ៣នាក់, ខេត្តតាកែវ ១០នាក់ និង ខេត្តព្រះសីហនុ ១៤៤នាក់៕