ព័ត៌មានជាតិ

តេស្ដសំណាកលើកទី១ លើមនុស្សជាង៥០នាក់ ប៉ះពាល់អ្នកឆ្លងកូវីដ១៩ម្នាក់ នៅស្រុករុក្ខគិរី លទ្ធផល អវិជ្ជមាន

ភ្នំពេញ៖ មនុស្សចំនួន ៥៣នាក់ បានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ជាមួយបុរសម្នាក់ រស់នៅក្នុងភូមិខ្នាចអំពារ ឃុំព្រែកជីក ស្រុករុក្ខគិរី ត្រូវបានមន្ត្រីសុខាភិបាល យកសំណាកលើកទី១ តាមរយៈឧបករណ៍ពិសោធន៍រហ័ស នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ជាលទ្ធផលអវិជ្ជមានទាំងអស់ ប៉ុន្តែពួកគេត្រូវរងចាំសំណាកជាបន្តបន្ទាប់ និងត្រូវធ្វើចត្តាឡីស័ក នៅក្នុងផ្ទះរៀងខ្លួន ខណៈអ្នកភូមិផ្សេងៗទៀត ក៏មិនឲ្យចេញពីផ្ទះ ។

បើតាមអាជ្ញាធរ នៅស្រុករុក្ខគិរី បានឲ្យដឹងថា អ្នកត្រូវយកសំណាកទាំងអស់នេះ គឺជាអ្នកប៉ះពាល់ ជាមួយបុរសវិជ្ជមានកូវីដ១៩ម្នាក់ ដែលជាអ្នកប្រកបរបរដឹកម្នាស់ លក់ទៅផ្សារនាគមាស ក្នុងរាជធានីភ្នំពេញ ដោយអ្នកខ្លះ ជាសាច់ញាតិ និងខ្លះទៀតជាមិត្តិភក្តិ ឬអ្នកភូមិជាមួយ ។

ក្នុងឱកាសចុះពិនិត្យ ការបិទមិនខ្ទប់ ភូមិខ្នាចអំពរ ឃុំព្រែកជីក នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា បន្ទាប់ពីបិទ មិនេះមានការយាមប្រចាំការ យ៉ាងម៉ត់ចត់ ពីសំណាក់កងកម្លាំង រួមទាំងអាជ្ញាធរមូលដ្ឋាន មិនឲ្យមានការឆ្លងកាត់ចេញចូល សូម្បីតែពលរដ្ឋក្នុងភូមិ ក៏មិនអាចចេញពីផ្ទះរបស់ពួកគេបាននោះដែរ បើមិនមានការអ្វីចាំបាច់នោះ ។

លោកអភិបាលបន្តថា ទន្ទឹងនឹងការបិទខ្ទប់នេះ រដ្ឋបាលខេត្តបានជំរុញ ដល់អាជ្ញាធរស្រុក ចុះពិនិត្យមើលផ្ទះពលរដ្ឋ ដែលមានជីវភាពខ្វះខាត ត្រូវផ្ដល់នូវស្បៀងអាហារជូនពួកគាត់ ខណៈក៏មានការអនុញ្ញាតិ ឲ្យមានអ្នកលក់ម្ហូបអាហារចល័តម្នាក់ សម្រាប់ឲ្យអ្នកភូមិទិញ ក្នុងអំឡុងបិទខ្ទប់នេះ ហើយក៏មានគ្រូពេទ្យប្រចាំការផងដែរ ។

ជាមួយគ្នានេះ លោក ងួន រតនៈ ក៏បានណែនាំដល់កងកម្លាំង និងអាជ្ញាធរត្រូវជួយមើលនូវសត្វពាហនៈ របស់ពលរដ្ឋ មានការឲ្យទឹកឲ្យចំណីស៊ី ជាដើម រួមទាំងត្រូវការពារសន្តិសុខផ្ទះ របស់ពលរដ្ឋ ដែលមានវិជ្ជមាន កូវីដ១៩ ខណៈក្រុមគ្រួសារគាត់ ត្រូវបាននាំយក ទៅធ្វើចត្តាឡីស័កអស់ ខ្លាចមានករណី អ្នកមានចេតនាមិនល្អ ប៉ះពាល់យកទ្រព្យសម្បត្តិរបស់ពួកគេ ។

បន្ទាប់មានករណីបុរសម្នាក់វិជ្ជមានកូវីដ១៩ ដែលចេញលទ្ធផលកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណង កុំឲ្យមានការឆ្លងរាលដាល កាន់តែខ្លាំង ក្នុងសហគមន៍ នៃជំងឺកូវីដ១៩ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីជូនដំណឹង បិទភូមិខ្នាចអំពារ ជាទីកន្លែងបុរសនោះរស់នៅ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២២ ខែមេសា រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ៕

To Top