ព័ត៌មានអន្តរជាតិ

ប៉ាឡេស្ទីន ជំរុញទៅ UNSC ឲ្យជួយបញ្ឈប់អ៊ីស្រាអែល ពីការរំខាន់ដល់ការN បោះឆ្នោតរបស់ខ្លួន

រ៉ាម៉ាឡា ៖ ប្រទេសប៉ាឡេស្ទីន បានទទូច ដល់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ (UNSC) ឲ្យបញ្ឈប់អ៊ីស្រាអែល ពីការរាំងស្ទះការ បោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២២ ខែឧសភា របស់ខ្លួន នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិន ។

វិទ្យុរដ្ឋរបស់ប៉ាឡេស្ទីន បានរាយការណ៍ដោយដកស្រង់សម្ដី ប្រេសិតអចិន្រ្តៃយ៍ របស់ប៉ាឡេស្ទីន ប្រចាំអង្គការសហប្រជាជាតិ Riyad Mansour ដែលលើកឡើងថា UNSC ត្រូវបានគេរំពឹងថា នឹងបើកវគ្គពិភាក្សា ដើម្បីពិភាក្សាអំពីស្ថានភាព នៅប៉ាឡេស្ទីន។

លោក Mansour បានលើកឡើងថា “យើងសង្ឃឹមថាកិច្ចប្រជុំ UNSC នឹងមានជំហរសកម្មមួយ ដើម្បីបង្ខំឱ្យអ៊ីស្រាអែល កុំរារាំងការបោះឆ្នោតសភា នៅក្នុងទឹកដីប៉ាឡេស្ទីន ដែលកាន់កាប់ទាំងអស់ រួមទាំងក្រុងយេរ៉ូសាឡឹម ខាងកើតផងដែរ” ។

លោកបានបន្ដថារដ្ឋសមាជិក UNSC ទាំងអស់ត្រូវបានសង្ខេបអំពីការ អនុវត្តរបស់អ៊ីស្រាអែល ក្នុងការចាប់ខ្លួន និងឃុំខ្លួនបេក្ខជន ដែលកំពុងឈរឈ្មោះសម្រាប់ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅក្រុងយេរ៉ូសាឡឹមខាងកើត និងការបំបែកការប្រមូលផ្តុំគ្នា នៃការបោះឆ្នោតនៅក្នុងទីក្រុង ។

លោក Mansour បានប្រកាសថា តំណាងសហភាពអឺរ៉ុបប្រចាំ នៅអង្គការសហប្រជាជាតិ នឹងចេញ សេចក្តីថ្លែងការណ៍រួមមួយ ដើម្បីគាំទ្រដល់ការបោះឆ្នោត ទូទៅរបស់ប៉ាឡេស្ទីន ហើយនឹងស្នើឲ្យអ៊ីស្រាអែល កុំរារាំងការបោះឆ្នោត នៅក្នុងទឹកដីប៉ាឡេស្ទីន រួមទាំងយេរ៉ូសាឡឹមខាងកើតផងនោះ ។

កាលពីថ្ងៃអង្គារលោក Nabil Shaath ជំនួយការប្រធានាធិបតី ប៉ាឡេស្ទីន Mahmoud Abbas បានលើកឡើងថា មានលទ្ធភាព នៃការពន្យារពេលការបោះឆ្នោត ប្រសិនបើអ៊ីស្រាអែលមិនអនុញ្ញាត ឱ្យរៀបចំការបោះឆ្នោត នៅក្រុងយេរ៉ូសាឡឹមខាងកើត៕
ដោយ ឈូក បូរ៉ា

To Top