រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលរបស់ប្រទេសប្រេស៊ីល បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ប្រេស៊ីល បានចុះក្នុងបញ្ជីដែលមាន អ្នកស្លាប់បន្ថែមទៀតចំនួន ៣.០៧៦នាក់ ដោយសារជំងឺកូវីដ-១៩ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់របស់ប្រទេសនេះ បានកើនឡើងដល់ ៣៨៩.៤៩២នាក់ ។
ក្រសួងបានឲ្យដឹងថា ករណីថ្មីផ្សេងទៀតមានចំនួន ៧១.១៣៧នាក់ ត្រូវបានចុះក្នុងបញ្ជី ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុប របស់ប្រទេសកើនឡើងដល់ ១៤.៣០៨.២១៥នាក់ ។
បច្ចុប្បន្ននេះ ប្រេស៊ីល ស្ថិតក្នុងលំដាប់លេខ២ លើពិភពលោក ដែលមានអ្នកស្លាប់ច្រើនជាងគេបំផុត ដោយសារជំងឺកូវីដ-១៩ ប្រទេសដែលលើសគេនោះ គឺមានតែសហរដ្ឋអាមេរិកប៉ុណ្ណោះ និងជាប់លំដាប់លេខ៣ នៅលើពិភពលោក ដែលមានអ្នកឆ្លងជំងឺ បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសឥណ្ឌា ។
ចាប់តាំងពីចាប់ផ្តើមចូលដល់ឆ្នាំនេះ ប្រទេសនៅអាមេរិកខាងត្បូងមួយនេះ បានប្រឈមមុខនឹងរលកថ្មីនៃវីរុស ហើយប្រព័ន្ធសុខាភិបាលនៅក្នុងរដ្ឋមួយចំនួន ឈានទៅរកការដួលរលំ ។
រដ្ឋសៅប៉ូឡូ ជារដ្ឋដែលមានពលរដ្ឋរស់នៅ ច្រើនជាងគេបំផុតនៅក្នុងប្រទេស បានរងគ្រោះធ្ងន់ធ្ងរជាងគេ ដែលមានអ្នកឆ្លងជំងឺចំនួន ២.៨២៧.៨៣៣នាក់ និងមានអ្នកស្លាប់ចំនួន ៩២.៥៤៨នាក់ បន្ទាប់មកមានរដ្ឋ រីយូឌឺចាណេរ៉ូ ដែលមានអ្នកឆ្លងជំងឺ ៧២៣.៥៨០នាក់ និងអ្នកស្លាប់ចំនួន ៤២.៨៥៧នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា