ព័ត៌មានជាតិ

ផ្សារចល័តខ្សាច់កណ្តាល នឹងចេញរូបរាងឆាប់ៗ ដើម្បីបន្ថយគម្លាតអ្នកទិញ ទប់ស្កាត់ជំងឺកូវីដ១៩

៊ភ្នំពេញ ៖ អភិបាលខេត្តកណ្តាលលោក គង់ សោភ័ណ្ឌ បានបង្កើតផ្សារចល័តមួយកន្លែង សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋានកាត់បន្ថយគម្លាត អ្នកទិញដើម្បីទប់ស្កាត់ជំងឺកូវីដ១៩។

ផ្សារចល័តខ្សាច់កណ្តាលផ្ដួចផ្ដើម គំនិតដោយលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងដោយមានការយកចិត្តទុកដាក់ពី លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល រួមសហការរៀបចំផ្សារ ព្រមទាំងផ្គត់ផ្គង់ ស្បៀងអាហារ ត្រី សាច់ បន្លែ ដោយឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន JET’S GROUP ។

ផ្សារចល័តនឹងបើកដំណើរការជាផ្លូវការនាពេលខាងមុខនេះ សម្រាប់បម្រើសេវាផ្នែក គ្រឿងឧបភោគ បរិភោគ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកខ្សាច់កណ្តាល ខណៈជំងឺកូវីដ-១៩ កំពុងរីករាលដាល។

ផ្សារចល័តខ្សាច់កណ្តាល មានទីតាំងក្បែរស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកខ្សាច់កណ្តាល ស្ថិតនៅក្នុងភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

លោក ប៊ុន ផេង បានមានប្រសាសន៍ថា ផ្សារចល័តខ្សាច់កណ្តាល បង្កើតឡើងក្នុងកាលៈទេសៈដែលស្រុកខ្សាច់កណ្តាលកំពុងមានការកើនឡើងអ្នកជំងឺកូវីដ-១៩ ចំនួន១៩នាក់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ គោលបំណងនៃការបង្កើតផ្សារនេះឡើង ដើម្បីកាត់បន្ថយប្រជាពលរដ្ឋច្រើន ការពារសុខសុវត្ថិភាព និងរក្សាគម្លាត របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុក។

គួរបញ្ជាក់ថា ការបង្កើត ផ្សារចល័តខ្សាច់កណ្តាល ជាយន្តការមួយប្រកបដោយប្រសិទ្ធភាពក្នុងការជួយដោះស្រាយ និងផ្តល់ភាពងាយស្រួលជូនបងប្អូនប្រជាពលរដ្ឋដែលមានតម្រូវការចាំបាច់ក្នុងការទិញត្រី សាច់ បន្លែ ផ្លែឈើ គ្រឿងទេស អង្ករ ត្រីខ មី អាហារ បម្រុងផ្សេងៗតាមតម្រូវការ ដោយអាចអញ្ជើញមកទិញផ្ទាល់ តាមទីតាំងខាងលើ នៅពេលបើក ដំណើរការ៕

To Top