ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខា ភិបាល លោកស្រី ឱ វណ្ណឌីនបានថ្លែងនារាត្រីថ្ងៃ៣០ មេសា ថា បេីបុគ្គលម្នាក់ៗ មិនបានអនុវត្តវិធានការ ៣ការពារ និង ៣កុំ ត្រឹមត្រូវទេ នោះការចម្លងនៅតែមាន ហេីយខ្សែចម្លងរឹតតែអូសបន្លាយឆ្ងាយទៅៗ រហូតដល់ថ្ងៃណាមួយនឹងហួសពីសមត្ថភាពនៃការគ្រប់គ្រង។
លោកស្រីបានបន្តលើកជាឧទាហរណ៍ពីប្រទេសឥណ្ឌា ខណៈឥណ្ឌាកំពុងផ្ទុះការកើនឡើងអ្នកកូវីដ ដោយឆ្លងរាប់ម៉ឺននាក់ក្រោយពលរដ្ឋនាំគ្នាទៅមុជទឹកក្នុងទន្លេដើម្បីដេញជំងឺនេះ។
លោកស្រីបន្តថា “យេីងក៏មិនចង់ជួបព្រឹត្តិការណ៍បែបនោះ(ឆ្លងដូចនៅឥណ្ឌា)ដែរ មែនទេ? ដូច្នេះ ត្រូវរួមគ្នាអនុវត្តវិធានការ៣កុំ ៣ការពារ ។ ហើយបើបុគ្គលម្នាក់ៗមិនគោរពវិធានការនេះ ការចម្លងនៅតែមាន ហេីយខ្សែចម្លងរិតតែអូសបន្លាយឆ្ងាយទៅៗ រហូតដល់ថ្ងៃណាមួយនឹងហួសពីសមត្ថភាពយេីងហេីយណា”។
លោកស្រីស្នើឲ្យរួមគ្នាឆ្លងកាត់ការលំបាកពេលនេះឲ្យបាន ហេីយគ្មានអ្វីដែលអាចការពារខ្លួនបានក្រៅតែពី ៣ការពារ + ៣កុំ + ចាក់វ៉ាក់សាំង + នៅផ្ទះ (ប្រសិនបេីមិនមានការចាំបាច់ទេនោះ ព្យាយាមកុំចេញក្រៅផ្ទះ)។
អ្នកនាំពាក្យរូបនេះសង្ឃឹមថា កម្ពុជាមានពេលអាចទាញសភាពឆ្លងរាតត្បាតឲ្យថយចុះវិញ ដោយទាំងអស់គ្នាត្រូវចូលរួមអនុវត្តវិធានសុខាភិបាល។
សូមបញ្ជាក់ថា បច្ចុប្បន្នស្ថានភាពជំងឺកូវីដ-១៩ នៅ កម្ពុជាកំពុងតែផ្ទុះខ្លាំងឡើងដោយក្នុងមួយថ្ងៃមានអ្នកឆ្លងជិត១ពាន់នាក់។ ជាក់ស្តែងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ មានអ្នកឆ្លងថ្មីចំនួន៧៦២នាក់ ខណៈអ្នកជាសះស្បើយចំនួន១៦៦នាក់ និងអ្នកស្លាប់២នាក់។
បើតាមប្រកាសក្រសួងសុខាភិបាល គិតមកត្រឹមថ្ងៃ៣០ មេសា នេះកម្ពុជាមានអ្នកឆ្លងចំនួន១៣,៤០២នាក់ អ្នកជាសះស្បើយចំនួន៥,១៥២នាក់ អ្នកកំពុងព្យាបាលចំនួន៨,១៥០នាក់និងអ្នកស្លាប់ចំនួន៩៣នាក់៕