ព័ត៌មានជាតិ

ក្រសួងការងារ ប្រាប់កម្មករ ថាពេល ទទួលបានលេខរៀង ចាំទៅចាក់វ៉ាក់សាំង ជំងឺកូវីដ-១៩ កុំសម្រុកនាំគ្នាទៅចាក់

ភ្នំពេញ ៖ លោក ហេង សួរ អ្នកនាំពាក្យ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានធ្វើការណែនាំ ដល់កម្មករនិយោជិត ដែលរស់នៅតំបន់ក្រហម ចាំទទួលបានលិខិតអញ្ជើញ ឬលេខរៀង ពីចៅសង្កាត់ ចាំទៅចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩។

ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បញ្ជាឱ្យក្រសួងការពារជាតិ រៀបចំចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋរស់ នៅតំបន់ក្រហម ដោយត្រៀមវ៉ាក់សាំង ចំនួន៩០ម៉ឺនដូស ។

តាមរយៈសារសំឡេង នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ លោក ហេង សួរ បានឲ្យដឹងថា យុទ្ធនាការជាតិចាក់វ៉ាក់សាំង នៅ តំបន់ក្រហម មានទីតាំងដូចជា ៖ នៅខណ្ឌមានជ័យ ពោធិ៍សែនជ័យ កំបូល និងដង្ការ ដោយចាប់ផ្ដើមពីថ្ងៃទី១ ឧសភា តទៅ ហើយនិតិវិធីនៃការចាក់វ៉ាក់សាំងនេះ ទល់តែមាន លិខិតអញ្ជើញ ឬលេខរៀង ចៅសង្កាត់ ទើបអាចចាក់វ៉ាក់សាំងបាន ។

លោក បញ្ជាក់ថា «ដូច្នេះបងប្អូនមិនទាន់មានលេខរៀង ឬមិនទាន់ទទួលលិខិតអញ្ជើញពី ភូមិ ឬសង្កាត់ សូមកុំអាលនាំគ្នា ទៅកន្លែងចាក់វ៉ាក់សាំង ពីព្រោះថា គោលដៅនីមួយៗ យើងអាចចាក់បាន ឧទាហរណ៍ ថា មួយគោលដៅ២០០០នាក់ ចឹងពេ លព្រឹក១០០០នាក់ ពេលល្ងាច១០០០នាក់ ដល់ពេលបងប្អូននាំគ្នាទៅទាំងអស់គ្នា ដោយមិនមានលេខរៀង ធ្វើឱ្យចាលគ្នាច្រើនកន្លែង ចាក់វ៉ាក់សាំង»។

អ្នកនាំពាក្យក្រសួងការងារ ក៏បានផ្ដាំផ្ញើទៅដល់កម្មករ និយោជិតទាំងអស់ កុំមានការបារម្ភឱ្យសោះចំពោះបញ្ហាថា «គ្មានវ៉ាក់សាំង ចាក់»។
អ្នកនាំពាក្យ អះអាងថា រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ឬក្រសួងការពារជាតិ បានត្រៀមលក្ខណៈរួចរាល់ ហើយ ចំពោះបញ្ហាចាក់វ៉ាក់សាំងជូន កម្មករនិយោជិត ឱ្យបានទាំងអស់គ្នា ។

សូមរំលឹកថា ក្រុមការងារ អនុគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រសួងការពារជាតិ បានចាត់កម្លាំង ចូលរួម យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហម ចំនួន១,៤៩០នាក់ ក្នុងនោះ ៖ ក្រុមការងារចាក់វ៉ាក់សាំង ចំនួន៤៥០នាក់ ,ក្រុមបម្រើការ និងសណ្តាប់ធ្នាប់ ចំនួន៩០០នាក់, ក្រុមដឹកជញ្ជូន ចំនួន ៥០នាក់ និងក្រុមធ្វើប័ណ្ណ ចាក់វ៉ាក់សាំង ចំនួន២៧០នាក់៕

To Top