ព័ត៌មានជាតិ

លោកស្រី ឱ វណ្ណឌីន ៖ មិនត្រូវមកទទួល យកការចម្លងវីរុសកូវីដ-១៩ នៅកន្លែង ចាក់វ៉ាក់សាំងឡើយ

ភ្នំពេញ ៖ ខណៈកំពុងដំណើរការចាក់វ៉ាក់សាំង ក្នុងយុទ្ធនាការទ្រង់ទ្រាយធំ ក្នុងតំបន់ក្រហម នាថ្ងៃទី១ ខែ ឧសភា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន រដ្ឋ លេខា ធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានថ្លែងសារដាស់តឿន ឲ្យពលរដ្ឋមកទទួលវ៉ាក់សាំងកូវីដ-១៩ ដោយសុវត្ថិភាពមិនត្រូវមកទទួល យកការចម្លងវីរុសកូវីដ-១៩ នៅកន្លែងចាក់ ឡើយ ។

នេះបើយោងតាមអត្ថបទមួយ ដែលរៀបចំឡើង ដោយលោកស្រី ឱ វណ្ណឌីន ។

លោកស្រីបន្តថា ដំណើរការចាក់វ៉ាក់សាំងកូវីរដ-១៩ សម្រាប់បុគ្គលអាយុចាប់ពី ១៨ឆ្នាំឡើង នៅខណ្ឌដង្កោ ខណ្ឌកំបូល ខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ ក្នុងរាជធានីភ្នំពេញ បាននិងកំពុងតែដំណើរការចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ នេះតទៅ។ ការចាត់ចែង រៀបចំសម្របសម្រួលជូនបងប្អូន និងការផ្តល់សេវាចាក់ វ៉ាក់សាំងកូវីដ-១៩ គឺមានការទទួលខុសត្រូវរៀបចំចាត់ ចែងចាក់ដោយ អនុគណៈកម្មការចាក់ វ៉ាក់សាំងកូវីដ -១៩ក្រសួងការពារជាតិមានកិច្ច សហការសម្រប សម្រួលដោយរដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរ មូលដ្ឋាននៅតាមខណ្ឌនីមួយៗ។

វ៉ាក់សាំងស៊ីណូវ៉ាក់ និងស៊ីណូហ្វាម ចំនួន ៩០ម៉ឺនដូស (សម្រាប់ដូសទី១ ) និងដូសទី២) ត្រូវបាន ប្រគល់ជូនទៅ អនុគណៈកម្មការចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ ដោយ គវក-១៩ រួចហើយដែរ។

លោកស្រីបញ្ជាក់ថា “អាជ្ញាធរមូលដ្ឋាន នឹងមានការ ចាត់ចែងឲ្យបងប្អូនដែលមានអាយុ ១៨ឆ្នាំឡើង បានមកចាក់វ៉ាក់សាំងនេះ ដោយមានវេន មានពេលវេលា និងទៅតាមថ្ងៃនីមួយៗ ដើម្បីបញ្ចៀស បាននូវការកកស្ទះមនុស្ស ដែលអាចជាការបង្កហានិភ័យ នៃការចម្លងជំងឺកូវីដ-១៩”។

លោកស្រីថា ការចាក់វ៉ាក់សាំងកូវីដ-១៩ នាពេលនេះ កំពុងប្រព្រឹត្តទៅប្រកប ដោយការទទួលខុសត្រូវខ្ពស់ រហូតដល់បងប្អូនមានអាយុ ១៨ឆ្នាំឡើង ដែលរស់នៅក្នុងខណ្ឌទាំង៤ នេះ បានទទួលវ៉ាក់សាំងកូវីដ-១៩ នេះ គ្រប់ៗគ្នា រួចរាល់ទាំង ២ដូស មិនថាជាជនជាតិខ្មែរ ឬជនជាតិបរទេស នោះឡើយ។

លោកស្រីអ្នកនាំពាក្យបន្ថែមថា ដូច្នេះពលរដ្ឋនៅតាមខណ្ឌទាំង៤ ត្រូវរក្សាសណ្ដាប់ធ្នាប់ល្អ មានវិន័យ ត្រឹមត្រូវ រក្សាបាននូវ វិធានការការពារ (ពាក់ម៉ាស់ លាងដៃ និងរក្សាគម្លាតសុវត្ថិភាព បុគ្គលពី ១,៥ម៉ែត្រឡើង) ជា ចាំបាច់ មានការសហការល្អ ជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចនៅតាមទីតាំង ចាក់វ៉ាក់សាំងនីមួយៗ ។

លោកស្រីឱ វណ្ណឌីនដាស់តឿនថា ប្រសិនបើមិនទាន់ដល់វេន របស់ខ្លួនទេនោះ មិនត្រូវមកប្រជ្រៀតគ្នា ត្រូវរងចាំដល់វេន ដល់ថ្ងៃកំណត់ដែល រៀបចំដោយអាជ្ញាធរមូលដ្ឋាន ចៀសវាងការមកជាន់ពេលគ្នា នៅថ្ងៃតែមួយ ធ្វើឲ្យមានការកកកុញ មនុស្សច្រើន ដែលអាចចម្លងជំងឺកូវីដ-១៩ បានគ្រប់ពេល វេលា ៕

To Top