ព័ត៌មានអន្តរជាតិ

ចិន ទទួលបានជោគជ័យ ទំាងស្រុង ក្នុងការបាញ់បង្ហោះ ម៉ូឌុលស្នូល Tianhe សម្រាប់ស្ថានីយ អវកាសរបស់ខ្លួន

ហៃណាន៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ថា នៅថ្ងៃព្រហស្បតិ៍ទី២៩ ខែមេសានេះ ប្រទេសចិន បានបញ្ជូនទៅក្នុងអវកាសនូវម៉ូឌុលស្នូល នៃស្ថានីយ៍អវកាសរបស់ខ្លួន ដោយចាប់ផ្តើម នូវបេសកកម្ម បាញ់បង្ហោះសំខាន់ៗ ដែលមានគោលបំណង ដើម្បីបញ្ចប់ការសាងសង់ ស្ថានីយ៍នេះ នៅចុងឆ្នាំក្រោយ ។

គ្រាប់រ៉ុក្កែត Long March-5B Y2 ដែលដឹកនាំម៉ូឌុល Tianhe បានផ្ទុះចេញពីកន្លែងបង្ហោះ យានអវកាស Wenchang នៅលើឆ្នេរនៃ ខេត្តកោះហៃណាន ភាគខាងត្បូង នៅម៉ោង១១និង ២៣នាទីព្រឹក (ម៉ោងនៅ ទីក្រុងប៉េកាំង) ។

ប្រហែល ៤៩៤ វិនាទីក្រោយមក Tianhe បានផ្តាច់ចេញពីគ្រាប់រ៉ុក្កែត ហើយចូលក្នុងគន្លង តារាវិថីដែលបានគ្រោងទុក ។ នៅម៉ោង ១២ៈ៣៦នាទី​បន្ទះសូឡា របស់វាបានលាតត្រដាង ហើយចាប់ផ្តើមដំណើរការ ត្រឹមត្រូវ ។

លោក ហ្ស៊ី ជិនពីង ប្រធានាធិបតីចិន បានថ្លែងនៅក្នុងពិធី អបអរសាទរថា ការបើកដំណើរការម៉ូឌុល ស្នូល ប្រកបដោយជោគជ័យបង្ហាញថា ការស្ថាបនាស្ថានីយ៍ អវកាស របស់ប្រទេសចិន បានឈានដល់ដំណាក់កាល អនុវត្តពេញលេញ ដែលជាមូលដ្ឋានគ្រឹះ ដ៏រឹងមាំសម្រាប់ការងារតាមដាន ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top