ព័ត៌មានជាតិ

លោក លឹម គានហោ ចាត់ឱ្យក្រុមការងារ នាំយកគ្រឿងឧបភោគបរិភោគ ជូនពលរដ្ឋក្រីក្រ និងកម្មករ-កម្មការិនី ក្នុងមូលដ្ឋានស្រុកពញាឮ ដែលទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩

ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកពញាឮ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ ចាត់ឱ្យក្រុមការងារនាំយក គ្រឿងឧបភោគបរិភោគ (លើកទី ២) សម្រាប់ឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋក្រីក្រ និងកម្មករ-កម្មការិនី នៅក្នុងមូលដ្ឋានស្រុកពញាឮ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីការឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩។

ក្នុងនោះប្រជាពលរដ្ឋក្រីក្រ ចំនួន ១.៣៥៥ គ្រួសារ ដោយមួយគ្រួសារទទួលបានអង្ករ ចំនួន ៥០ គីឡូក្រាម, ទឹកត្រី ០១ យួរ, ទឹកស៊ីអីវ ០១ យួរ និងត្រីខ ចំនួន ០១ យួរ ។

ដោយឡែក កាលពីពេលថ្មីៗកន្លងមកនេះ លោករដ្ឋមន្រ្តី ក៏បានឧបត្ថម្ភ ដល់គ្រួសារក្រីក្រ ក្នុងស្រុកពញាឮ (លើកទី ១) ចំនួន ២.០៣០ គ្រួសារ នូវអង្ករចំនួន ១០២ តោន, ប្រគេនទេយ្យទានដល់វត្ត និងសមាគមដូនជី ទាំង ៥១ នៅក្នុងស្រុកពញាឮ រួមមានអង្ករចំនួន ២១ តោន, ទឹកត្រីចំនួន ២៥៥ យួរ, ទឹកស៊ីអីវចំនួន ២៥៥ យួរ, ត្រីខចំនួន ៥០ កេស និងមីចំនួន ៥៧ កេសធំ, ឧបត្ថម្ភជាថវិកាដល់មន្រ្តីរាជការសាលាស្រុកពញាឮ ក្រុមគ្រូពេទ្យ កងកំលាំង របស់គណៈបញ្ជាការ ឯកភាពស្រុក ដែលប្រចាំការ និងការពារសន្តិសុខសណ្តាប់ធ្នាប់ នៅតាមមណ្ឌលចត្តាឡីស័ក ការត្រួតពិនិត្យការហាមឃាត់ ការធ្វើដំណើរ និងប្រជាការពារភូមិចំនួន ២.០៣១នាក់ ដែលយាមប្រចាំការ តាមមណ្ឌល សកម្មភាពទាំង ១៥៤ មណ្ឌល ផងដែរ ។

ជាមួយគ្នានេះ ចាប់តាំងពីមានការផ្ទុះឡើង នូវជំងឺកូវីត-១៩ នៅកម្ពុជា លោករដ្ឋមន្រ្តី បានយកចិត្តទុកដាក់ពីសុខទុក្ខ និងធ្វើការឧបត្ថម្ភ ជាបន្តបន្ទាប់ ដល់ប្រជាពលរដ្ឋទាំងអស់ ក្នុងស្រុកពញាឮ ដូចជា ថវិកា គ្រឿងឧបភោគ បរិភោគ សាប៊ូលាងដៃ អាល់កុល និងម៉ាស់ជាដើម បន្ថែមពីនេះដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនដែលបាន និងកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័កទាំងអស់ក្នុងស្រុកពញាឮ លោករដ្ឋមន្រ្តី បានឧបត្ថម្ភនូវគ្រែសម្រាកចំនួន ២៥០គ្រែ និងការហូបចុកផងដែរ ៕

To Top