ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាល បានធ្វើការណែនាំអំពីលក្ខណៈវិនិច្ឆ័យ ក្នុងការផ្អាក និងបើកឡើងវិញ នូវសកម្មភាពអាជីវកម្ម ផលិតកម្ម ដោយវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការ រាលដាលជំងឺកូវីដ១៩ និងវិធានការចាំបាច់ ពេលបើកដំណើរការឡើងវិញ។
តាមសេចក្ដីណែនាំរួមរបស់ ក្រសួងការងារ និងក្រសួងសុខាភិបាល នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា សេចក្តីណែនាំនេះ ធ្វើឡើងក្នុងគោលបំណង ធានាឱ្យបាននូវសុខុមាលភាព សុវត្ថិភាព និង ជីវភាព របស់កម្មករនិយោជិត និរន្តរភាព នៃផលិតកម្ម និង ភាពអាចព្យាករណ៍បាន នៃការផ្គត់ផ្គង់ទំនិញ ព្រមទាំងចូលរួមទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុង រោងចក្រ សហគ្រាស ជាពិសេសរោងចក្រ ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើ ដំណើរនិងកាបូប ៕