ព័ត៌មានជាតិ

រដ្ឋមន្ដ្រីកសិកម្ម បញ្ជាក់ថា ស្វាយដែលដាំ សម្រាប់នាំចេញទៅចិន ត្រូវចុះបញ្ជី នៅអគ្គនាយកដ្ឋាន កសិកម្ម (Video)

ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ស្វាយដែលដាំដុះ ក្នុងគោលបំ ណងនាំចេញទៅចិន ត្រូវតែចុះបញ្ជីនៅអគ្គនាយកដ្ឋានកសិកម្ម និងទទួលស្គាល់ដោយ អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋ ប្រជាមានិតចិន (GACC) ហើយអនុវត្តការដាំដុះតាមគោលការណ៍ នៃការអនុវត្តកសិកម្មល្អ (GAP)។

ក្នុងពិធីសម្ពោធការនាំចេញផ្លែស្វាយស្រស់កម្ពុជា ជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ លោក វេង សាខុន រំលឹកថា គោលបំណងដើម្បីជំរុញការនាំចេញផ្លែស្វាយស្រស់កម្ពុជាទៅកាន់ប្រទេសចិន ក្រសួង បាន ចាប់ផ្តើមទំនាក់ទំនងចរចាបើកទីផ្សារជាមួយ GACC តាំងពីដើមឆ្នាំ២០១៨ នៅមុនពេលអគ្គរដ្ឋបាលត្រួតពិនិត្យគុណភាព អធិការកិច្ច និងចត្តាឡីស័ក (AQSIQ) ច្របាច់ បញ្ចូលគ្នាជាមួយ GACC ហើយរហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ទើបទទួលបានការឯកភាព និងឈានដល់ការ ចុះហត្ថលេខាជាផ្លូវការ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ លើពិធីសារ ស្តីពីល័ក្ខខ័ណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការ នាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន។

លោក ថ្លែងថា «ដោយឡែក នៅក្នុងខ្លឹមសារនៃពិធីសារបានកំណត់ថា ស្វាយដែល ដាំដុះ ក្នុងគោលបំណងសម្រាប់នាំ ចេញទៅប្រទេសចិនត្រូវតែចុះបញ្ជីនៅអគ្គនាយកដ្ឋានកសិកម្ម និងទទួលស្គាល់ដោយ GACC ហើយគ្រប់ចម្ការស្វាយ ដែលត្រូវបានចុះបញ្ជី ត្រូវអនុវត្តការដាំដុះតាមគោលការណ៍នៃការអនុវត្តកសិកម្មល្អ (GAP) និងផ្លែស្វាយដែលនាំចេញ ត្រូវឆ្លងកាត់ការធ្វើប្រព្រឹត្តិកម្មកម្ចាត់ពងរុយចោះផ្លែស្វាយដោយប្រើចំហាយទឹកក្តៅ (Vapor Heat Treatment + VHT) ឬប្រព្រឹត្តិកម្មទឹកក្ដៅ (Hot Water Treatment – HWT) ដើម្បីធានាថា ផ្លែស្វាយស្រស់ទាំងនោះ ពុំជាប់ជាមួយនូវសមាសភាពចង្រៃភូតគាមអនាម័យដូចមានចែងក្នុងពិធីសារ»។

លោក បន្ដថា គិតមកទល់បច្ចុប្បន្ននេះ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម បានទទួលពាក្យស្នើសុំ ចុះបញ្ជីចម្ការស្វាយ និងទីតាំងវេចខ្ចប់សម្រាប់នាំចេញផ្លែស្វាយស្រស់កម្ពុជាទៅកាន់ប្រទេសចិនចំនួន ៥៥ក្រុមហ៊ុន/ម្ចាស់ ចម្ការ / សហគមន៍កសិកម្ម និងកំពុងបន្តទទួលនូវពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយជាបន្តបន្ទាប់ថែមទៀតផងដែរ។
ជាងនេះទៅទៀត លោករដ្ឋមន្ដ្រីកសិកម្ម ក៏បានលើកឡើងថា បច្ចុប្បន្ននេះ ផ្ទៃដីផលិតកម្មដំណាំស្វាយនៅកម្ពុជា មានការកើនឡើងជាលំដាប់ ដែលបង្ហាញពីសក្តានុពលមួយ តម្រូវឱ្យមានកិច្ចអន្តរាគមន៍គ្រប់ជ្រុង ជ្រោយនៅក្នុងខ្សែច្រវាក់តម្លៃនៃដំណាំនេះ រួមទាំ ងជំរុញការកែច្នៃក្នុងស្រុកនិងរកទីផ្សារ ដើម្បីនាំចេញផងដែរ៕

To Top