ព័ត៌មានអន្តរជាតិ

ជប៉ុន ពង្រីកភាព ប្រកាសអាសន្ន ជំងឺកូវីដ-១៩ រហូតដល់បំណាច់ ខែឧសភា

តូក្យូ ៖ រដ្ឋមន្រ្តីទទួលបន្ទុកការឆ្លើយតប នឹងមេរោគឆ្លងរបស់រដ្ឋាភិបាល បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសជប៉ុន គ្រោងនឹងពង្រីកភាព អាសន្ននៃជំងឺកូវីដ-១៩ នៅក្នុងទីក្រុងតូក្យូ និងតំបន់អូសាកាដល់ថ្ងៃទី៣១ ខែឧសភា ។

លោក Yasutoshi Nishimura ក៏បានប្រាប់កិច្ចប្រជុំមួយដែរថា តំបន់អាឈី និងហ្វូគូអូកា នឹងត្រូវបន្ថែមទៅក្នុងភាពអាសន្ន ចាប់ពីថ្ងៃពុធនេះដែលអនុញ្ញាត ឱ្យអាជ្ញាធរចាត់វិធានការប្រឆាំងនឹងមេរោគកាន់តែតឹងរឹង ក្នុងគោលបំណង ដើម្បីទប់ស្កាត់ការឆ្លងមេរោគ ។

ការរឹតត្បិតរួមទាំងការ ហាមឃាត់គ្រឹះស្ថានបរិភោគអាហារ ដែលមានជាតិអាល់កុល និងសំណើសម្រាប់ហាង លក់ទំនិញ និងរោងកុន ដើម្បីបិទជាបណ្តោះអាសន្ន ត្រូវបានគ្រោងបញ្ចប់ នៅថ្ងៃអង្គារខាងមុខនេះ ។

នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga ត្រូវបានរំពឹងថា នឹងបញ្ចប់សេចក្តីសម្រេចចិត្ត នៅឯកិច្ចប្រជុំក្រុមការងារ នៅពេលល្ងាចនេះ បន្ទាប់ពីទទួលបានការយល់ព្រម ពីអ្នកជំនាញផ្នែកជំងឺឆ្លងនិង វិស័យផ្សេងទៀត។

ស្ថានភាពអាសន្នត្រូវបានធ្វើឡើង នៅក្នុងទីក្រុងតូក្យូ ដែលបានរៀបចំធ្វើជាម្ចាស់ផ្ទះអូឡាំពិករដូវក្តៅ ក្នុងរយៈពេលតិចជាង ៣ ខែ ក៏ដូចជាអូសាកា ក្យូតូ និងហ៊ីហ្គូ ចាប់តាំងពីថ្ងៃទី២៥ ខែមេសា ដោយមានជំហានគោលដៅសំដៅ ទប់ស្កាត់ការរីករាលដាល នៃមេរោគឆ្លង ក្នុងកំឡុងសប្តាហ៍ នៃថ្ងៃឈប់សម្រាក ៕
ដោយ ឈូក បូរ៉ា

To Top