ភ្នំពេញ៖ លោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ បានអះអាងថា បច្ចុប្បន្នមានអ្នកវិនិយោគ និងទេសចរចិនមកធ្វើការ ក៏ដូចជាមកបណ្ដាក់ទុនបើកក្រុមហ៊ុន នៅខេត្តព្រះសីហនុច្រើនជាងគេ ដោយឈរលំដាប់លេខ១ ក្នុងចំនួនអ្នកវិនិយោគបរទេស ។
ក្នុងជំនួបជាមួយលោក HAN DONGTAI ប្រធានគណៈកម្មការ ប្រឹក្សានយោបាយក្រុងស៊ិនយ៉ាង នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ លោក លៀម សុដា បានថ្លែងថា “សក្តានុពល និងភូមិសាស្ត្ររបស់ខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន មានអ្នកវិនិយោគ និងទេសចរចិន មកខេត្តព្រះសីហនុលំដាប់លេខ១”។
លោកបន្តថា មានវិស័យជាច្រើន បានទាក់ទាញអ្នកវិនិយោគ រួមមាន៖ កំពង់ផែអន្តរជាតិទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិកំពុងត្រូវបានពង្រីក ដើម្បីឆ្លើយតបទៅនឹង តម្រូវការរីកចម្រើនសេដ្ឋកិច្ច ។
លោកបញ្ជាក់ថា បច្ចុប្បន្នខេត្តមានតំបន់ សេដ្ឋកិច្ចពិសេសចំនួន៩ ក្នុងនោះ មាន៥កំពុងដំណើរការ និងចំនួន៤ទៀត ត្រៀមបើកដំណើរការនាពេលខាងមុខ ហើយរោងចក្រចំនួន២១១ និងសិប្បកម្មជាង ១.០០០កន្លែង បានស្រូបយកកម្លាំងពលកម្មជាង ៩ម៉ឺននាក់ ក្នុងនោះជនបរទេសមានជិត៣ម៉ឺននាក់។ ចំណែកវិស័យទេសចរ ទទួលបានភ្ញៀវប្រមាណ ២លាននាក់ ។
អភិបាលរងខេត្តបន្ថែមថា ជាមួយគ្នានេះ ខេត្តមានកាស៊ីណូចំនួន៧១កន្លែង ។ ដោយឡែកវិស័យសំណង់មានការ រីកលូតលាស់យ៉ាងឆាប់រហ័ស ចាប់ពីឆ្នាំ២០១៧-២០១៩ ដោយមាន៨១៦គម្រោង។
លោកថា ទន្ទឹមនឹងការអភិវឌ្ឍរីកចម្រើន ខេត្តកក៏ជួបបញ្ហាប្រឈមមួយចំនួនដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ លូ អូរ ប្រឡាយ ទឹកស្អាត អគ្គិសនី កាកសំណល់ បរិស្ថាន និងចរាចរណ៍ជាដើម៕
ដោយ៖ ធី លីថូ