ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋ ដែលមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការទ្រទ្រង់ជីវភាព នៅតំបន់បិទខ្ទប់ កុំទៅដណ្តើមជំនួយ ពីប្រជាពលរដ្ឋ ដែល កំពុងខ្វះខាតពិតប្រាកដនោះ។
តាមរយៈសារជាសំឡេងនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១នេះ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា សម្តេចបានទទួលព័ត៌មាន និងរូបភាពមួយចំនួនបង្ហាញថា ពលរដ្ឋមួយចំនួននៅតំបន់បិទខ្ទប់ មានលទ្ធភាពគ្រប់គ្រាន់ក្នុងការ ទ្រទ្រង់ជីវភាពរបស់ពួកគេ តែពួកគេនៅតែទាមទារជំនួយពីអាជ្ញាធរ។
សម្តេចតេជោបញ្ជាក់ថា «អ្នកដែលមានលទ្ធភាពកុំមកដណ្តើម យកជំនួយអ្នកដែលត្រូវការជួយ កំពុងទាមទារឱ្យជួយ ក្នុងពេលយើងមានលទ្ធភាពគ្រប់គ្រាន់ ហើយបែរជាទាមទារសមធម៌។ នេះជាការគួរឱ្យខ្មាសអៀន សម្រាប់អ្នកដែលមានលទ្ធភាព»។
សម្តេចតេជោ ហ៊ុន សែន បន្តថា ការចែកស្បៀងអាហារនេះមិនងាយស្រួលនោះទេ ដើម្បីចែកស្បៀងជូនប្រជាពលរដ្ឋ ឱ្យបានមួយថ្ងៃ ២ម៉ឺនគ្រួសារ គឺប្រើកម្លាំងជាច្រើន ក្នុងការវេចខ្ចប់ និងដឹកជញ្ជូន លីសែង ជូនប្រជាពលរដ្ឋ។
សម្តេចតេជោ សង្ឃឹមថា អ្នកដែលមានលទ្ធភាពនឹង មិនដណ្តើមជំនួយនោះឡើយ ដើម្បីទុកឱ្យ អាជ្ញាធរអាចចែកជូន អ្នកខ្វះ លទ្ធភាពបានលឿន ៕