ព័ត៌មានអន្តរជាតិ

អាមេរិក-កូរ៉េខាងត្បូង ត្រូវតែមានជំហររឹងមាំ និងអាចបត់បែនបាន ក្នុងការប្រាស្រ័យទាក់ទង ជាមួយកូរ៉េខាងជើង

សេអ៊ូល៖ អតីតនាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងលោក Hwang Kyo-ahn បានបានលើកឡើងថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ត្រូវតែមានជំហររឹងមាំ ក្នុងការប្តេជ្ញាចិត្តក្នុងការរំសាយអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើងបើទោះបីជា ភាពបត់បែនខ្លះអាចត្រូវការ ដើម្បីជំរុញការចរចានុយក្លេអ៊ែរជាមួយ ទីក្រុងព្យុងយ៉ាងក៏ដោយ។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានយុនហាប់បានឲ្យដឹងថា លោក Hwang Kyo-ahn ក៏បានកត់សម្គាល់ផងដែរថា កូរ៉េខាងជើង ទំនងជានឹងបន្តបង្កហេតុយោធាសម្រាប់ពេលបច្ចុប្បន្ននេះ។

អតីតនាយករដ្ឋមន្រ្តី និងជាប្រធានស្តីទីនៃប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងនៅក្នុងសិក្ខាសាលាមួយដែលរៀបចំឡើងដោយមជ្ឈមណ្ឌល ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនថា“ ជាពិសេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ត្រូវតែបដិសេធដាច់ខាតនូវកិច្ចព្រមព្រៀងនិមិត្តសញ្ញានានា ដែលគ្រាន់តែបង្កកសមត្ថភាពនុយក្លេអ៊ែររបស់កូរ៉េខាងជើង ក្នុងកម្រិតបច្ចុប្បន្ន” ។

លោកបានបន្ថែមថា“ ទោះបីជាវាអាចមានតម្រូវការសម្រាប់ជម្រើសជំនួស ដែលអាចបត់បែនបានសម្រាប់វឌ្ឍនភាពក្នុងការចរចារក៏ដោយ ក៏សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ត្រូវតែបញ្ជាក់ជាថ្មីនូវគោលដៅរបស់ពួកគេ នៃការរុះរើពេញលេញដែលអាចផ្ទៀងផ្ទាត់បាន និងមិនអាចត្រឡប់វិញបាននៅពេលនិយាយអំពី សមត្ថភាពនុយក្លេអ៊ែររបស់កូរ៉េខាងជើង” ។

លោក Hwang បានស្វាគមន៍ចំពោះលទ្ធផលនៃការត្រួតពិនិត្យគោលនយោបាយរបស់កូរ៉េខាងជើង ដែលទើបតែបញ្ចប់ថ្មីៗនេះរបស់សហរដ្ឋអាមេរិក ដែលដាក់ការទូតនៅជួរមុខនៃកិច្ចប្រឹងប្រែងរួមគ្នា ដើម្បីកម្ចាត់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ក៏បានឲ្យដឹងផងដែរថា សហរដ្ឋអាមេរិក នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្ត ដូចជាកូរ៉េខាងត្បូងដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េទាំងស្រុងតាមរយៈការទូត និងការរារាំង។

លោក Hwang បានលើកឡើងថា“ ខ្ញុំស្វាគមន៍គោលនយោបាយរបស់រដ្ឋបាលលោក បៃដិន ដើម្បីសង្កត់ធ្ងន់លើសាមគ្គីភាពជាមួយសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក។ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក មិនត្រូវទទួលយកកូរ៉េខាងជើងជារដ្ឋនុយក្លេអ៊ែរនោះទេ”៕ដោយ ឈូក បូរ៉ា

To Top