ភ្នំពេញ៖ យុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ដូសទី២ ជូនថ្នាក់ដឹកនាំរដ្ឋសភា សមាជិក សមាជិការដ្ឋសភា និងក្រុមគ្រួសារ បានបិទបញ្ចប់ដោយជោគជ័យ នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នៅវិមានរដ្ឋសភា ដែលរៀបចំកិច្ចសហការ រវាងអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្រសួងសុខាភិបាល និងមន្ទីរពេទ្យកាល់ម៉ែត ។
ក្នុងឱកាសបិទបញ្ចប់ បេសកកម្មយុទ្ធនាការ ចាក់ថ្នាំបង្ការជំងឺកូវីដ-១៩នោះដែរ លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា តាងនាមឱ្យថ្នាក់ដឹកនាំ សមាជិកសមាជិការដ្ឋសភា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាល កម្ពុជា ជាពិសេសក្រសួងសុខាភិបាល និងមន្ទីរពេទ្យកាល់ម៉ែត ដែលបានបញ្ជូនក្រុមគ្រូពេទ្យមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនសម្តេចប្រធានរដ្ឋសភា ក៏ដូចជា សមាជិក សមាជិការដ្ឋសភា ទទួលជោគជ័យយ៉ាងត្រចះត្រចង់ និងសូមធ្វើកោតសរសើរ យ៉ាងស្មោះ ចំពោះការខិតខំបំពេញការងារ របស់ក្រុមគ្រូពេទ្យ យើងទាំងអស់ ។
លោក ឡេង ប៉េងឡុង បានលើកឡើងថា សកម្មភាពដ៏ត្រចះត្រចង់មុះមុត របស់ក្រុមគ្រូពេទ្យ ទាំងអស់ នាពេលកន្លងមក ដែលប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ សបញ្ជាក់ឱ្យឃើញនូវការលះបង់ ដ៏ធំធេង ទាំងកំលាំងកាយកំលាំងចិត្ត ក្នុងការប្រយុទ្ធប្រឆាំង នៅជំងឺកូវីដ-១៩នេះ។ នាពេលបច្ចុប្បន្ននេះ ក្រោមការដឹកនាំដ៏វៃឆ្លាតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា សម្តេចបានយកចិត្តទុកដាក់ គិតគូដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសបងប្អូន ប្រជាពលរដ្ឋ នៅទូទាំងប្រទេស និងធ្វើការផ្តល់ នៅការចាក់វ៉ាក់សាំង ជាបន្តបន្ទាប់ ជូនបងប្អូនប្រជាពលរដ្ឋ អោយបានគ្រប់ៗគ្នា នៅពេលខាងមុខ ដែលមិនយូរប៉ុន្មាននោះទេ កម្ពុជានឹងយកឈ្នះនូវជំងឺនេះជាក់ជាមិនខាន។
ឆ្លៀតក្នុងឱកាសនោះដែរ លោក ឡេង ប៉េងឡុង ក៏បានប្រគល់ជូន នៅលិខិតថ្លែងអំណរគុណ ជូនដល់ក្រុមគ្រូពេទ្យ ដែលបានមកបំពេញ បេសកកម្ម ក្នុងយុទ្ធនាការចាក់ថ្នាំ បង្ការជំងឺកូវីដ-១៩ នៅវិមានរដ្ឋសភា នាពេលនេះផងដែរ ៕