រ៉ង់ហ្គូន៖ មេធាវីរបស់លោកស្រីម្នាក់ បានបង្ហើបឱ្យដឹងកាលពីថ្ងៃច័ន្ទថា មេដឹកនាំដែលត្រូវបាន ឃុំខ្លួនរបស់លោកស្រី អ៊ុងសាន ស៊ូជី ដែលត្រូវបានចោទប្រកាន់ដោយរបបយោធាពីបទនាំចូល និងប្រើប្រាស់ឧបករណ៍ទំនាក់ទំនងដោយខុសច្បាប់នឹងបង្ហាញខ្លួន ដោយផ្ទាល់នៅក្នុងសវនាការនៅថ្ងៃទី២៤ ខែឧសភា នៅរដ្ឋធានីណៃពិដោរ។
ប្រសិនបើលោកស្រីស៊ូជី ពិតជាបង្ហាញខ្លួនជាសាធារណៈមែននោះវានឹងក្លាយជាលើកទីមួយ ហើយចាប់តាំងពីរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ។ លោកស្រីបានស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះ នៅឯគេហដ្ឋានរបស់លោកស្រី ហើយលោកស្រីបានចូលរួមក្នុងសវនាការដោយការធ្វើសន្និសីទតាមរយៈវីដេអូ។
ចាប់តាំងពីការឃុំខ្លួនលោកស្រីស៊ូជី បានប្រឈមមុខនឹងការចោទប្រកាន់ចំនួន ៥ សម្រាប់បទល្មើសតូចតាច ដូចជាការនាំចូល និងប្រើប្រាស់ឧបករណ៍ទំនាក់ទំនងដោយខុសច្បាប់និងការមិនយកចិត្តទុកដាក់លើវិធានការប្រឆាំងនឹងមេរោគកូវីដ-១៩។
ប៉ុន្តែលោកស្រីត្រូវបានចោទប្រកាន់ដាច់ដោយឡែកពីគ្នាពីបទរំលោភបំពានច្បាប់សំងាត់ផ្លូវការក្នុងសម័យអាណានិគមរបស់ប្រទេស ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១៤ ឆ្នាំ។
យោងតាមមេធាវីនៅក្នុងសវនាការមួយកាលពីថ្ងៃច័ន្ទ តុលាការបានជូនដំណឹងថា លោកស្រីស៊ូជីនិងលោកប្រធានាធិបតី Win Myint ដែលជាប្រធានាធិបតីមីយ៉ាន់ម៉ាមុនពេលរដ្ឋប្រហារ ត្រូវបានអនុញ្ញាតឱ្យបង្ហាញខ្លួននៅក្នុងតុលាការតាមការណែនាំរបស់តុលាការកំពូល។
គយរបញ្ជាក់ថា លោកស្រីស៊ូជី មិនអាចមានការប្រជុំផ្ទាល់ជាមួយក្រុមមេធាវីការពារក្តីរបស់លោកស្រីបាននោះទេ បើទោះបីជាមានការស្នើសុំឱ្យលោកស្រីអនុញ្ញាតឱ្យធ្វើក៏ដោយជាពិសេសនៅមុនសវនាការបន្ទាប់៕