ភ្នំពេញ៖ ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវសេចក្តីសម្រេច ក្នុងការបិទខ្ទប់ទីតាំងភូមិសាស្ត្រ ចំនួនពីរ គឺរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល បេឡាជាតិសន្តិសុខសង្គម បានផ្អាកផ្តល់សេវាមួយចំនួន ដែលប៉ះពាល់ផ្ទាល់ជាមួយ សមាជិករបស់ខ្លួន ជាបណ្តោះអាសន្ន។
នៅថ្ងៃចន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១ ប.ស.ស. បានបើកដំណើរការជាធម្មតាវិញ ហើយគ្រាន់តែរយៈ១ថ្ងៃប៉ុណ្ណោះ មានបងប្អូនជាស្ត្រីមានផ្ទៃពោះ និងបានសម្រាលកូន រួចជាសមាជិក ប.ស.ស. ជិត ១០០០នាក់ បានមកទទួលសេវាពី ប.ស.ស. នេះបើយោងតាមការបញ្ជាក់ ឱ្យដឹងពីលោក សុក បូរ៉ា ប្រធាននាយកដ្ឋាន តាវកាលិកសន្តិសុខសង្គម នៃ ប.ស.ស. ក្នុងបទសម្ភាសន៍មួយ កាលពីព្រឹកមិញនេះ។
លោក សុក បូរ៉ា បានបញ្ជាក់ឱ្យដឹងថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះ ប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាលកម្ពុជា សរុបប្រមាណជាង ៦.៥ពាន់លានរៀល ត្រូវបានបើកផ្តល់ជូនសមាជិក ប.ស.ស. ជាស្ត្រីសម្រាលកូនសរុប ចំនួន ១៦ ៣៨៥នាក់ ក្នុងនោះស្រ្តី សម្រាលបានកូនបីមានចំនួន ២នាក់ ស្រ្តីសម្រាលបានកូនភ្លោះពីរ មានចំនួន ១០៤នាក់ ដែលមានចំនួនកូនសរុប ១៦ ៤៩៣នាក់ ។
ដោយឡែកសម្រាប់ ការផ្តល់តាវកាលិក ថែទាំសុខភាព (ប្រាក់បំណាច់ប្រចាំថ្ងៃ) ទឹកប្រាក់សរុប ប្រមាណជាង ៣.៨ពាន់លានរៀល ត្រូវបាន ប.ស.ស. បើកផ្តល់ជូនសមាជិករបស់ខ្លួន សរុបចំនួន ២១ ៩៣៨នាក់ ដែលគិតចាប់ពីថ្ងៃទី០១ ខែមករា រហូតដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ កន្លងមកនេះ។
លោក សុក បូរ៉ា បានឱ្យដឹងដែរថា បើទោះបីជា ប.ស.ស. បានបើកទទួលឯកសារ ទាមទារតាវកាលិក ជាធម្មតាក៏ពិតមែន ប.ស.ស. នៅតែបន្តអនុវត្ត និងគោរពតាម វិធានសុខាភិបាល តាមការដាក់ចេញនូវិធានការ ដ៏ម៉ត់ចត់បំផុតរបស់ប្រមុខដឹកនាំកម្ពុជា ៣ការពារ និង៣កុំ ដើម្បីរួមចំណែក និងចូលរួមទប់ស្កាត់ នៃការរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។
លោកស្រី ជា សុភ័ក្រ បម្រើការនៅ ក្រុមហ៊ុនឯកជនមួយកន្លែង ក្នុងរាជធានីភ្នំពេញ ក៏ដូចជាកម្មការិនីផ្សេងៗទៀត ក្នុងពេលមកទទួលសេវាពី ប.ស.ស. បានបង្ហាញពីអារម្មណ៍ពិតថា លោកស្រី ពិតជារីករាយពេញចិត្ត និងមានការទុកចិត្តខ្ពស់ ក្នុងការមកទទួលសេវា នៅ ប.ស.ស. ដែល ប.ស.ស. បានរៀបចំឱ្យមានការរក្សាគម្លាត សុវត្ថិភាពបុគ្គល និងការរក្សានូវអនាម័យផ្សេងៗ បានយ៉ាងល្អ។
លោកស្រីបានបន្តទៀតថា លោកស្រីពិតជា អរគុណយ៉ាងខ្លាំងបំផុត ដល់ ប.ស.ស. ពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ នាយករដ្ឋមន្រ្តី បានបង្កើតឱ្យមានរបបសន្តិសុខសង្គម មួយនេះឡើង ពិសេសសម្តេច តែងតែផ្តល់ការយកចិត្ត ទុកដាក់ខ្ពស់បំផុត ពីសុខទុក្ខ សុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិតតែម្តង ៕