ព័ត៌មានជាតិ

ក្រសួងអប់រំ កំពុងគិតគូរចំពោះគ្រូបង្រៀន និងសិស្សានុសិស្សដែលជួបប្រទះ ការលំបាកក្នុងការសិក្សាពីចម្ងាយ

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងគិតគូរអំពីឧបសគ្គ និងផលលំបាកនានាចំពោះ គ្រូបង្រៀន និងសិស្សានុសិស្ស ជួបប្រទះក្នុងការសិក្សាពីចម្ងាយ ដើម្បីឱ្យការបង្រៀនប្រព្រឹត្តទៅ ប្រកបដោយប្រសិទ្ធភាព។ នេះបើយោងតាមគេហទំព័រ ហ្វេសប៊ុករបស់ក្រសួងអប់រំ ។

ក្នុងកិច្ចប្រជុំតាមអនឡាញ ស្ដីពីយុទ្ធសាស្ត្រការអប់រំពីចម្ងាយ ដើម្បីដាក់ចេញនូវផែនការសកម្មភាព ធានាបាននូវការផ្ដល់ ការអប់រំដល់សិស្សានុសិស្ស ខណៈសាលារៀនមិនទាន់បើកដំណើរនៅឡើយ ដោយសារស្ថានភាពនៃការឆ្លងរីករាលដាល ជំងឺកូវីដ-១៩ មិនទាន់ធូរស្រាល កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា «ក្រសួងកំពុងគិតគូរអំពីឧបសគ្គ និងផលលំបាកនានា ដែលគ្រូបង្រៀន និងសិស្សានុសិស្ស ជួបប្រទះក្នុងដំណើរការនៃការសិក្សាពីចម្ងាយ ដើម្បីស្វែងរកដំណោះស្រាយ ជួយសម្រួលធ្វើយ៉ាងណាឱ្យការងាររៀន និងបង្រៀនប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព»។

ជាងនេះទៅទៀត ក្នុងផែនការសកម្មភាពឆ្ពោះ ទៅកាន់ការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ក្នុងបរិការណ៍នៃការបញ្ចប់ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ២០២១ ជំហានដំបូងគឺ យុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់បុគ្គលិកអប់រំ និងបុគ្គលិកកិច្ចសន្យានៅទូទាំងប្រទេស ការប្រើប្រាស់ធនធានដែលមានស្រាប់ ដើម្បីបន្តដំណើរការរៀននិងបង្រៀន និងការគ្រប់គ្រងស្ថានការណ៍ នៃការរីករាលដាលជំងឺកូវីដ-១៩ និងវិធានការបន្តបន្ទាប់។

សូមជម្រាបថា រហូតមកទល់ពេលនេះ ក្រសួងបានជំរុញការចាក់វ៉ាក់សាំង បានប្រមាណជាង ៧០ភាគរយនៅតាមខេត្ត និងជាង៨០ភាគរយនៅភ្នំពេញ នៃបុគ្គលិកអប់រំ។ ក្រសួងនឹងបន្តរៀបចំការ ចាក់វ៉ាក់សាំងដំណាក់កាលទីពីរ សម្រាប់មន្រ្តីអប់រំ និងអ្នកពាក់ព័ន្ធនឹងអប់រំជាបន្តទៀត ៕

To Top