បរទេស៖ អង្គការឱសថរដ្ឋាភិបាលរបស់ប្រទេសថៃ ហៅកាត់ថា GPO បានទិញថ្នាំ Favipiravir ប្រឆាំងវីរុសកូវីដ១៩ សរុបចំនួន ៥,៥ លានគ្រាប់ ដើម្បីជំរុញការផ្គត់ផ្គង់របស់ប្រទេស ចំពេលមានតម្រូវការកើនឡើង សម្រាប់ការព្យាបាលជំងឺកូវីដ១៩។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា លោកស្រី Sirikul Metheerangsan នាយករង GPO បាននិយាយថា ថ្នាំ Favipiravir ចំនួន ៣ លានគ្រាប់ដំបូង ត្រូវបានបញ្ជូនទៅឃ្លាំងរបស់ អង្គការឱសថរដ្ឋាភិបាល កាលពីម្សិលមិញនៅឯខេត្ត Samut Prakan ហើយចំនួន ២,៥ លានគ្រាប់ទៀត នឹងមកដល់នៅថ្ងៃច័ន្ទ ដើម្បីចែកចាយដល់អង្គភាព សុខភាពសាធារណៈទូទាំងប្រទេស។
ឱសថ Favipiravir ដែលត្រូវបានបង្ហាញដើម្បីកាត់បន្ថយអត្រាស្លាប់ និងការពារការចាប់ផ្តើមនៃរោគសញ្ញាធ្ងន់ធ្ងរ ត្រូវបានគ្រូពេទ្យចេញវេជ្ជបញ្ជាសម្រាប់អ្នកជំងឺ Covid-19 ក្នុងដំណាក់កាលដំបូងនៃការរលាកសួត។ តម្រូវការសម្រាប់ឱសថនេះបានកើនឡើង បន្ទាប់ពីរលកទីបីនៃការផ្ទុះឡើងជំងឺកូវីដ១៩។
លោកស្រីវេជ្ជបណ្ឌិត Sirikul បាននិយាយថា ឱសថ Favipiravir ប្រហែល ៥០ ០០០ គ្រាប់ ត្រូវបានចេញវេជ្ជបញ្ជាដល់អ្នកជំងឺកូវីដ-19 ជារៀងរាល់ថ្ងៃហើយការប្រើប្រាស់ថ្នាំ ត្រូវបានត្រួតពិនិត្យយ៉ាងតឹងរឹង ដោយនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ នៃក្រសួងសុខាភិបាលសាធារណៈ ៕
ប្រែសម្រួលៈ ណៃ តុលា