ព័ត៌មានអន្តរជាតិ

អាមេរិក និយាយថ្កោលទោស ការប្រើថ្នាំវ៉ាក់សាំង ជានយោបាយ ក្រោយជម្លោះរវាងចិន និងតៃវ៉ាន់

បរទេស ៖ ក្រោយកោះតៃវ៉ាន់ ធ្វើការរិះគន់ ចំពោះប្រទេសចិន សម្រាប់ការស្វះស្វែង ប្រើប្រាស់ ថ្នាំវ៉ាក់សាំង ដើម្បីបង្កើតផ្លូវ ចូលផ្នែកការទូតមួយ ជាមួយប្រទេសជាសម្ពន្ធមិត្ត របស់ទីក្រុង តៃប៉ិមួយនោះ ក្រសួងការបរទេស សហរដ្ឋអាមេរិក បាននិយាយថា សហរដ្ឋអាមេរិក ឈរ នៅជាមួយប្រទេស ហុងឌូរ៉ាស់ និងថ្កោលទោស ចំពោះការប្រើប្រាស់ថ្នាំ វ៉ាក់សាំងកូវីដ១៩ សម្រាប់គោលបំណង នយោបាយ ។

ប្រទេសហុងឌូរ៉ាស់ ដែលស្ថិតនៅក្នុងមួយចំនួនតូច នៃប្រទេសអាមេរិកឡាទីន រក្សាចំណងមិត្តភាពការទូត ជាមួយតៃវ៉ាន់នោះ បាននិយាយថា ខ្លួនកំពុងតែពិចារណា បើកការិយាល័យមួយ នៅក្នុងប្រទេសចិន ក្នុងគោលបំណង ដើម្បីទទួលបានថ្នាំវ៉ាក់សាំងកូវីដ១៩ ជាតម្រូវការចំាបាច់ បណ្ដាលឲ្យទីក្រុងតៃប៉ិក ធ្វើការរិះគន់ទីក្រុងប៉េកាំង សម្រាប់ការជំរុញឲ្យមានកិច្ចព្រមព្រៀង ដែលប្រើប្រាស់ថ្នាំវ៉ាក់សាំង ដើម្បីទទួលបានការទទួលស្គាល់ ។

នៅពេលត្រូវគេចោទសួរស្ថានភាព ពាក់ព័ន្ធនឹងប្រទេសហុងឌូរ៉ាសនោះ មន្ត្រីនាំពាក្យក្រសួងការបរទេស សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយដោយមិនបញ្ជាក់ ចំឈ្មោះប្រទេសចិនថា “យើងថ្កោលទោស ការប្រើប្រាស់ជំនួសសុខាភិបាល សង្គ្រោះមនុស្ស ដើម្បីជំរុញពន្លឿនរបៀបវារៈនយោបាយ ដ៏ចង្អៀតរបស់ម្ចាស់ជំនួយ” ។

គួរបញ្ជាក់ថា ប្រទេសនៅអាមេរិកឡាទីនជាច្រើន កំពុងតែទទួលបានថ្នាំវ៉ាក់សាំងចិន ប៉ុន្តែប្រទេសមួយចំនួន ដូចជាហុងឌូរ៉ាស និងហ្គាតេម៉ាឡាជាដើម មានចំណងមិត្តភាពជាមួយកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងចាត់ទុកថា ជាទឹកដីមួយផ្នែករបស់ខ្លួននោះ នៅមិនទាន់ទទួលបាននោះទេ ៕ ប្រែសម្រួល៖ប៉ាង កុង

To Top