ព័ត៌មានអន្តរជាតិ

អាមេរិកនិយាយថា ត្រៀមខ្លួនជួយអ៊ីស្រាអែល និងប៉ាឡេស្ទីន ប្រសិនបើពួកគេស្វែងរក បទឈប់បាញ់គ្នា (Video)

បរទេស៖ សហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ បាននិយាយប្រាប់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិថា ខ្លួនបានបង្កើតភាពច្បាស់លាស់ ចំពោះអ៊ីស្រាអែល ប៉ាឡេស្ទីននិងភាគីដទៃទៀតថា ខ្លួនបានត្រៀមលក្ខណៈជាស្រេច ដើម្បីផ្តល់ការគាំទ្រ ប្រសិនបើភាគីនានាស្វះស្វែងរក បទឈប់បាញ់គ្នាមួយ ដើម្បីបញ្ចប់អំពើហិង្សាដ៏អាក្រក់ រវាងប្រទេសអ៊ីស្រាអែល និងពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បានប្រាប់ដល់ក្រុមប្រឹក្សា សន្តិសុខមានសមាជិក ១៥ប្រទេសថា “សហរដ្ឋអាមេរិក កំពុងប្រឹងប្រែងធ្វើការងារ តាមរយៈបណ្ដាញការទូត ដើម្បីព្យាយាយនាំទៅរកទីបញ្ចប់នៃជម្លោះនេះ។ ព្រោះយើងជឿជាក់ថា អ៊ីស្រាអែលនិងប៉ាឡេស្ទីន មានសិទ្ធិស្មើគ្នាក្នុងការរស់នៅ ដោយសុវត្ថិភាពនិងសន្តិសុខ”។

ស្របពេលដែលក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ ប្រារព្ធធ្វើកិច្ចប្រជុំជាសាធារណៈដំបូងរបស់ខ្លួន ក្រោយសន្និសីទកាសែតចំនួន ពីរកាលពីសប្ដាហ៍មុននោះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានមានប្រសាសន៍ថា យុទ្ធនាការរបស់អ៊ីស្រាអែល ក្នុងតំបន់ហ្គាហ្សាដែលកាន់កាប់ ដោយពួកឥស្លាមហាម៉ាស់ គឺកំពុងតែបន្តយ៉ាងពេញលេញ។

គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន ដែលជាសម្ពន្ធមិត្តដ៏រឹងមាំ មួយរបស់អីស្រាអែល បានឯកោនៅអង្គការសហប្រជាជាតិ ជុំវិញការជំទាស់របស់ខ្លួន ចំពោះសេចក្តីថ្លែងការណ៍ជាសាធារណៈមួយ ធ្វើឡើងដោយក្រុមប្រឹក្សាសន្តិសុខ ស្តីពីអំពីហិង្សាដ៏អាក្រក់ឡើង រវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន ក្នុងពេលជាច្រើនឆ្នាំមកនេះ ព្រោះតែអាមេរិកមានក្តីព្រួយបារម្ភថា វាអាចធ្វើឲ្យប៉ះពាល់ដល់ចំណងមិត្តភាព ការទូតនៅខាងក្រោយឆាករបស់ខ្លួន ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top