ព័ត៌មានជាតិ

លោក ខៀវ កាញារីទ្ធ ឲ្យអង្គភាពសារព័ត៌មាន មិនទាន់ចុះបញ្ជីម៉ាក់ ត្រូវចុះបញ្ជីពាណិជ្ជកម្ម

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួង ព័ត៌មាន បានធ្វើការណែនាំដល់ អង្គភាពសារព័ត៌មានទាំងអស់ មិនទាន់ចុះបញ្ជីម៉ាក់ស្របតាមច្បាប់ ត្រូវចុះបញ្ជីពាណិជ្ជកម្ម ដើម្បីការពារម៉ាក់ រហូតដល់ដំណាច់ឆ្នាំ២០២១។

យោងតាមលិខិតក្រសួងព័ត៌មាន កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ លោក ខៀវ កាញារីទ្ធ បាន បញ្ជាក់ថា «ដើម្បីធានាការពារសិទ្ធិ និងផល ប្រយោជន៍ស្របច្បាប់របស់ស្ថាប័ន អង្គភាពសារព័ត៌មាន និងក្រុមហ៊ុនផ្តល់សេវាកម្មលើវិស័យព័ត៌មាន និងសោតទស្សន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រសួងព័ត៌មាន សូមណែនាំដល់ម្ចាស់ស្ថាប័ន អង្គភាពសារព័ត៌មាន និងក្រុមហ៊ុនផ្តល់សេវាកម្មលើវិស័យព័ត៌មាន និងសោតទស្សន៍ទាំងអស់ដែលកំពុង ធ្វើអាជីវកម្មហើយមិនទាន់បានចុះបញ្ជីម៉ាក់ ពាណិជ្ជនាមស្របច្បាប់នៅឡើយនោះ សូមអនុវត្តកាតព្វកិច្ចនៃការចុះបញ្ជី ពាណិជ្ជកម្មដើម្បីការពារម៉ាក ពាណិជ្ជនាមស្ថាប័ន អង្គភាព និងក្រុមហ៊ុន របស់ខ្លួនចាប់ពីថ្ងៃជូនដំណឹងនេះ តទៅរហូតដល់ដំណាច់ឆ្នាំ២០២១»។

លិខិតបន្តថា កន្លងមកមានម្ចាស់ស្ថាប័ន អង្គភាពប្រព័ន្ធផ្សព្វផ្សាយ និងក្រុមហ៊ុនផ្ដល់សេវាកម្មលើវិស័យព័ត៌មាន និងសោតទស្សន៍មួយចំនួនធំ បានយកចិត្តទុកដាក់អនុវត្តតាមច្បាប់ ដោយចុះបញ្ជីពាណិជ្ជកម្ម និងកិច្ចការពារម៉ាក់។

ទន្ទឹមនេះ ក៏មានម្ចាស់ស្ថាប័ន អង្គភាពសារព័ត៌មាន និងក្រុមហ៊ុនផ្តល់សេវាកម្មលើវិស័យព័ត៌មាន និងសោតទស្សន៍មួយ ចំនួនតូច នៅមិនទាន់អនុវត្តតាមច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាននៃកម្ពុជានៅឡើយ ហើយបានប្រើប្រាស់ម៉ាក់ ពាណិជ្ជនាមសា្ថប័ន អង្គភាព និងក្រុមហ៊ុនរបស់ខ្លួនបំពានទៅលើ អត្តសញ្ញាណរបស់ស្ថាប័ន អង្គភាព និងក្រុមហ៊ុនដទៃ ទៀតធ្វើឲ្យមានការភាន់ច្រឡំ ច្របូកច្របល់ និងប៉ះពាល់ដល់ផលប្រយោជន៍របស់ស្ថាប័ន អង្គភាព ក្រុមហ៊ុនអាជីវកម្ម ដែលបានចុះបញ្ជីស្របច្បាប់រួចហើយ ៕

To Top