ភ្នំពេញ ៖ “ការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ របស់មន្ត្រីអតីតគណបក្សប្រឆាំង មិនទាក់ទងនឹងគណបក្ស ប្រជាជនកម្ពុជាទេ ។ នេះជាសិទ្ធិផ្ទាល់ខ្លួនរបស់ម្នាក់ៗ” ។ នេះជាប្រសាសន៍លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ក្នុងបណ្តាញតេឡេក្រាមនាថ្ងៃ២០ ខែឧសភា ឆ្នាំ២០២១ ។
ការថ្លែងរបស់លោក សុខ ឥសាន ក្រោយមាន មតិលើកឡើងថា ការដែលក្រុមមន្រ្តីអតីតគណបក្សសង្រ្គោះជាតិ សុំសិទ្ធិធ្វើនយោបាយឡើងវិញ មានការជាប់ពាក់ព័ន្ធជាមួយនឹង គណបក្សប្រជាជនកម្ពុជា។
កាលពីថ្ងៃ១៧ ឧសភា លោក ប៉ុល ហំម អតីតសមាជិកគណៈកម្មាធិការ អចិន្ត្រៃយ៍ និងលោក ផាន់ ច័ន្ទសាក់ អតីតសមាជិក គណៈកម្មាធិការនាយក របស់អតីតគណបក្ស សង្រ្គោះជាតិ ដែលកំពុងស្ថិតនៅក្នុងការហាមឃាត់ មិនឲ្យធ្វើសកម្មភាព នយោបាយ រយៈពេល៥ឆ្នាំ តាមអំណាចសាលដីការ តុលាការ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១៧ បានស្នើទៅសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីសុំសិទ្ធិ ធ្វើនយោបាយឡើងវិញ ។
ក្រោយការស្នើសុំធ្វើនីតិសម្បទានយោបាយឡើងវិញនេះ ត្រូវបានមន្រ្តីអតីតគណបក្សសង្រ្គោះជាតិផ្សេងទៀតបានរិះគន់ផងដែរថា មិនមានលក្ខណៈអំណោយផលសម្រាប់ពួកគេទេ។
គួរបញ្ជាក់ថា អតីតថ្នាក់ដឹកនាំអតីតគណបក្សសង្រ្គោះជាតិ ក្នុងចំណោម១១៨នាក់ដែលត្រូវបានតុលាការកំពូលកម្ពុជា ចេញសាលដីកា សម្រេចផ្អាក មិនឲ្យធ្វើសកម្មភាព នយោបាយ រយៈពេល៥ឆ្នាំ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ រហូតមកដល់ពេលនេះ មានជិត៣០រូប ហើយបានសុំសិទ្ធិ ធ្វើនយោបាយឡើងវិញ ក្នុងនោះមានមន្រ្តីល្បីៗឈ្មោះ ដូចជា លោក អ៊ូ ច័ន្ទរ័ត្ន លោក យ៉ែម បុញ្ញឬទ្ធិ លោក មាជ សុវណ្ណារ៉ា លោក សុន ឆ័យ លោក មុត ចន្ថា លោក ថាច់ សេដ្ឋា លោកស្រី លី ស្រីវិណា លោកជីវ កត្តា លោក តាន គឹមឈន លោក វ៉ា សាម៉ុន លោក ជុំ ច័ន្ទដារិន លោក ទូត ឃឿត លោក ឡាត់ លិតេយ្យ លោកឡុង គឹមឃន និងលោក យង់ ផាន់ណេត ព្រមទាំងមន្រ្តីមួយចំនួនទៀត ដែលភាគច្រើនសុទ្ធសឹង តែជាមនុស្សជំនិត របស់លោក កឹម សុខា ៕