ព័ត៌មានជាតិ

សម្ដេច ស ខេង ដឹកនាំកិច្ចប្រជុំស្ដីពីលទ្ធផល កិច្ចប្រតិបត្តិការ បោសសម្អាតគ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្រោមទឹក និងស្រង់នាវា

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ តាមរយៈប្រព័ន្ឋវីដេអូសន្និសីទ Zoom បាន ដឹកនាំកិច្ចប្រជុំ ស្ដីពីលទ្ធផលកិច្ចប្រតិបត្តិការ បោសសម្អាតគ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវា នៅការដ្ឋានទី១ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមនិង កិច្ចដំណើរការដ្ឋានទី២ ឃុំបឹងគ្រុំ ស្រុកល្វាឯម ខេត្តកណ្ដាល និងទី៣ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា ដោយយោងតាមការចង្អុលបង្ហាញដឹកនាំដ៏ខ្ពង់ខ្ពស់ពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា គឺត្រូវប្រមូលយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវា ទាំងអស់ចេញពីបាតទន្លេមេង្គ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ អ្នកធ្វើដំណើរ អ្នកនេសាទ និងអ្នកប្រកបអាជីវកម្មផ្សេងៗតាមដងទន្លេមេង្គ។

នាឱកាសនោះ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ បានធ្វើសេចក្តីរាយការណ៍សង្ខបស្ដីពីលទ្ធបិទបញ្ចប់ការដ្ឋានទី១ ដោយបានលើកឡើងថា កិច្ចសហប្រតិបត្តិការ បោសសម្អាតគ្រាប់យុទ្ធភ័ណ្ឌមិន ទាន់ផ្ទុះក្រោមទឹក និងស្រង់នាវាចម្បាំង ក្នុងឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានចាប់ផ្ដើមពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ហើយត្រូវបានបិទបញ្ចប់ប្រកបដោយជោគជ័យ និងទទួលលទ្ធផលល្អប្រសើរ ប្រកបដោយកិច្ចសហការល្អ និងមានសុវត្ថិភាពខ្ពស់បំផុត។ ប្រតិបត្តិការនេះបានស្រង់គ្រាប់ដែលមិនទាន់ផ្ទុះជាង ១៦តោន និងសម្ភារសឹកមួយចំនួនទៀត ។

ចំពោះប្រតិបត្តិការ នៅការដ្ឋានទី២-៣ នាយឧត្តមសេនីយ៍ បានបន្តថា ការងារអនុវត្តនៅការដ្ឋានទី២-៣ បានអនុវត្តតាមស្មារតីតាមផែនការគ្រោងទុក ដោយពង្រាយកម្លាំងប្រតិបត្តិការ បោសសម្អាតគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងប្រតិបត្តិការស្រង់នាវា។

ក្រោយស្ដាប់របាយការណ៍ សង្ខបរួច សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងការកោតសរសើរ ចំពោះក្រុមការងារទាំងអស់ បានធ្វើការបោសសម្អាត គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាក្រោមបាតទន្លេមេង្គ ។ សម្ដេច ថា រហូតមកដល់ពេលនេះ ការងារបោសសម្អាតគ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោម និងស្រង់នាវាពីបាត ទន្លេមេង្គ ទោះបីមិនបានបញ្ចប់ក៏ដោយ ប៉ុន្ដែទទួលបានជោគជ័យ និងលទ្ធផលល្អ ហើយសម្ដេចសង្ឃឹមថា នឹងទទួលបានជោគជ័យ ទាំងស្រុង នាពេលខាងមុខនេះផងដែរ៕

To Top